(ប៉េកាំង)៖ ចាប់ពីចូលឆ្នាំនេះមក ដើមទុនបរទេសបាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន។ ជំនឿចិត្តរបស់ពួកគេត្រូវបានកំណត់ បញ្ជាក់បន្ថែមទៀតនៅក្នុងទិន្នន័យសេដ្ឋកិច្ចជាតិឆមាសទី១ឆ្នាំ២០២៣ ដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី១៧ខែកក្កដា។តាមរយៈការគណនាជាជំហានដំបូង GDPរបស់ប្រទេសចិនក្នុងឆមាសទី១ឆ្នាំ២០២៣មានចំនួន៥៩,៣០៣៤ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង៥.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ល្បឿនកំណើននេះគឺលឿនជាង អង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍សំខាន់ៗលើពិភពលោក ហើយប្រទេសចិនបន្តក្លាយជាក្បាលម៉ាស៊ីន នៃកំណើនពិភពលោកទាំងមូលតទៅទៀត។

បើនិយាយចំពោះដើមទុនបរទេស ជាបឋម ប្រការនេះមានន័យថា ចិនមានឱកាសទីផ្សារដ៏ធំធេង។ បើមើលពីទីផ្សារប្រើប្រាស់ឃើញថា ក្នុងឆមាសទី១ឆ្នាំ២០២៣ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមប្រទេសចិនមានចំនួន២២.៧៥៨៨ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើង៨.២ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ហើយបានកើនឡើង២.៤ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០២៣។

អ្វីដែលដើមទុនបរទេសទទួលបានគឺជាប្រាក់ចំណូលពិត។ យោងតាមការគណនាពីរដ្ឋបាលជាតិគ្រប់គ្រង រូបិយប័ណ្ណនៃប្រទេសចិនឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ អត្រាទទួលបានផលតម្រៃនៃការវិនិយោគទុន របស់ពាណិជ្ជករបរទេសនៅប្រទេសចិនមានចំនួន៩.១ភាគរយ បើវិនិយោគនៅអឺរ៉ុបនិងអាមេរិកណុះ ទិន្នន័យនេះប្រហែលជា៣ភាគរយ រីឯអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីគឺប្រហែលពី៤ភាគរយទៅ៨ភាគរយ។ តាំងពីចូលឆ្នាំ២០២៣នេះមក ប្រទេសចិនបានជំរុញយ៉ាងសកម្ម នូវការកសាងប្រព័ន្ធទីផ្សារប្រកបដោយស្តង់ដារខ្ពស់ ពន្លឿនការកសាងទីផ្សារបង្រួបបង្រួមទូទាំងប្រទេស ពង្រីកការបើកចំហផ្នែកប្រព័ន្ធរបបជាលំដាប់ ហើយពន្លឿនការបង្កើតបរិយាកាសធ្វើពាណិជ្ជកម្ម ដែលប្រកបដោយលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម។ ក្នុងបរិបទបែបនេះអ្នកទទួលខុសត្រូវ ជាន់ខ្ពស់នៃសហគ្រាសពហុជាតិដូចជាMicrosoft Appleនិងក្រុមហ៊ុនប្រេងកាតជាតិអារ៉ាប៊ីសាអូឌីតជាដើម សុទ្ធតែបាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិន។

នាពេលបច្ចុប្បន្ន "ប្រទេសចិនបានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់ ការដំណើរការនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល" បានក្លាយទៅជាចំណុចឯកភាពរួមរបស់ឥស្សរជនអន្តរជាតិជាច្រើន។ ក្នុងឆមាសទី១ឆ្នាំ២០២៣ ទំហំសរុបនៃការនាំចេញនាំចូលពាណិជ្ជកម្មទំនិញ របស់ប្រទេសចិនមានចំនួន២០.១ទ្រីលានយាន់ប្រាក់ចិន ដែលលើសពី២០ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង នៅក្នុងរយៈពេលដូចគ្នានៃប្រវត្តិសាស្ត្រ ដែលកើនឡើង២.១ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២២។ ក្នុងបរិបទនៃការបង្អង់ល្បឿនយ៉ាងខ្លាំង នៃតម្រូវការអន្តរជាតិ សមិទ្ធផលនេះគឺទទួលបានដោយមិនងាយទេ។

ប្រទេសចិនបានដើរតួនាទីដ៏សំខាន់ក្នុងអភិបាលកិច្ចសកលជាបន្តបន្ទាប់ ហើយក៏បាននាំមកនូវភាពងាយស្រួលជាច្រើន ដល់ទុនបរទេសផងដែរ។ ពេលថ្មីៗនេះ ការចរចាអំពីខ្លឹមសារនៃ《កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលនៃការវិនិយោគទុន》របស់អង្គការពាណិជ្ជកម្មពិភពលោកបានបញ្ចប់។ ប្រសិនបើកិច្ចព្រមព្រៀងនេះអាចចូលជាធរមាន និងត្រូវបានអនុវត្តដោយរលូន នោះនឹងនាំមកនូវផលកម្រែខាងសេដ្ឋកិច្ចរហូតដល់ ១ទ្រីលានដុល្លារអាមេរិកដល់ពិភពលោកទាំងមូល។

នាពេលបច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើនដូចជាអតិផរណាខ្ពស់ ការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយ និងវិបត្តិថាមពលនិងស្បៀងអាហារជាដើម "ស្ថិរភាព"បានក្លាយទៅជាធនធានដ៏កម្រ។ អ្វីដែលប្រទេសចិនបានផ្តល់ឱ្យ គឺភាពប្រាកដប្រជាបែបនេះហ្នឹងឯង។

ទោះបីជាមជ្ឈដ្ឋានខាងក្រៅមានភាពកាន់តែស្មុគ្រស្មាញនិងតឹងរ៉ឹង ហើយការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកក៏ប្រឈមមុខ នឹងកម្លាំងសម្ពាធក៏ដោយ តែនិន្នាការទូទៅនៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរ មិនប្រែប្រួលទេ ហើយលក្ខណៈពិសេសនៃសេដ្ឋកិច្ចចិនដែលប្រកបដោយភាពធន់ដ៏រឹងមាំ សក្ដានុពលធំនិងភាពរស់រវើកដ៏ខ្លាំងក៏មិនបានប្រែប្រួលផងដែរ។ ដូច្នេះ វាអាចយល់ដោយងាយៗថា ហេតុអ្វីបានជាសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយថា "ការវិនិយោគនៅប្រទេសចិន គឺជាការវិនិយោគដើម្បីថ្ងៃអនាគត"៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន