(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៉ីនៅថ្ងៃអង្គារនេះ បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងមួយរូប គឺលោក ម៉ូហាម៉ាត់ សានូស៉ី ម៉ាត់ ណួរ (Muhammad Sanusi Md Nor) ពីបទវិទ្ធង្សនា (បះបោរប្រឆាំងរដ្ឋអំណាច) ជុំវិញការប្រើប្រាស់ពាក្យសម្តីហាក់ប្រមាថលើ ព្រះចេស្តាព្រះចៅស៊ូលតង់របស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
លោក ម៉ូហាម៉ាត់ សានូស៉ី គឺជាអ្នកនយោបាយមានប្រជាប្រិយមួយរូប មកពីគណបក្សអ៉ីស្លាម PAS និងជាប្រមុខរដ្ឋាភិបាលនៃរដ្ឋខេដា (Kedah)។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Bernama មេដឹកនាំបក្សប្រឆាំងម្នាក់នេះ ត្រូវបានចោទប្រកាន់ពីបះបោរប្រឆាំងនឹងរដ្ឋអំណាច ជុំវិញពាក្យពេចន៍ដែលរូបលោកបាននិយាយ អំឡុងសុន្ទរកថានយោបាយមួយ នៅក្នុងខែកក្កដានេះ។
នៅប្រទេសម៉ាឡេស៉ី ការនិយាយពាក្យសម្តីអវិជ្ជមានអំពីព្រះចៅស៊ូលតង់ គឺអាចប្រឈមមុខនឹងការដាក់ទោសទណ្ឌ ក្រោមច្បាប់វិទ្ធង្សនាដែលបន្សល់ទុកមកតាំងពី សម័យអាណានិគម ក៏ប៉ុន្តែគិតក្នុងអំលុងពេលប៉ុន្មានឆ្នាំចុងក្រោយ ការចោទប្រកាន់លើអ្នកនយោបាយម៉ាឡេស៉ី នៅក្រោមច្បាប់នេះ គឺជារឿងយ៉ាងកម្រ។ ប្រសិនបើត្រូវតុលាការរកឃើញពិតជាមានទោសមែននោះ លោក ម៉ូហាម៉ាត់ សានូស៉ី ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ រួមជាមួយការពិន័យជាប្រាក់៥,០០០រីងហ្គីត ឬស្មើនឹងជាង១,១០០ដុល្លារ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដទៃទៀតរបស់ម៉ាឡេស៉ី ពាក្យសម្តីដែលជាដើមហេតុនាំឱ្យមានការចោទប្រកាន់ខាងលើ គឺនៅពេលដែលលោក ម៉ូហាម៉ាត់ សានូស៉ី បានចោទសួរលើការសម្រេចព្រះទ័យរបស់ក្រុមព្រះចៅស៊ូលតង់ ពាក់ព័ន្ធទៅនឹងដំណើរការបង្កើតរដ្ឋាភិបាលទាំងថ្នាក់សហព័ន្ធនិងថ្នាក់រដ្ឋ។ រដ្ឋទាំង៩របស់សហព័ន្ធម៉ាឡេស៉ី គឺដឹកនាំដោយព្រះចៅស៊ូលតង់មួយអង្គៗ ហើយរៀងរាល់៥ឆ្នាំម្តង ព្រះចៅស៊ូលតង់ទាំង៩ ត្រូវឆ្លាស់វេនកាន់តួនាទីជា ព្រះមហាក្សត្រនៃប្រទេសអាស៊ានមួយនេះ៕