(ញូដេលី)៖ ប្រទេសឥណ្ឌា បានឲ្យដឹងថា កិច្ចពិភាក្សារយៈពេលពីរថ្ងៃរវាងក្រុមអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកពីក្រុមប្រទេស G20 បានឈានចូលដល់ជុំចុងក្រោយហើយនៅថ្ងៃអង្គារនេះ តែមិនអាចសម្រេចបាននូវចំណុចរួមនោះទេ ដោយសារតែភាពខ្វែងគំនិតគ្នារវាងប្រទេសមហាអំណាចធំៗ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
អំឡុងពេលធ្វើជាប្រធានប្តូរវេនរបស់ G20 ឆ្នាំ២០២៣នេះ ឥណ្ឌារំពឹងថានឹងបង្កើតការឯកភាពគ្នាលើកំណែទម្រង់ ក្នុងវិស័យធនាគារពហុភាគី គោលការណ៍ណែនាំសកលស្តីពីរូបិយប័ណ្ណគ្រីបតូ (crypto) និងពន្លឿនការដោះស្រាយបំណុល របស់ប្រទេសងាយរងគ្រោះ ប៉ុន្តែកត្តាជម្លោះរុស្ស៉ី-អ៊ុយក្រែន បានក្លាយជាស្រមោលលើការងារការទូតរបស់ពិភពលោក។ បើតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ របៀបវារៈទាំងអស់របស់យើងនឹងត្រូវលើយកទៅពិភាក្សាគ្នាបន្តទៀត ទាល់តែសមាជិកគ្រប់គ្នាទទួលយកបាន។
ប្រទេសលោកខាងលិចភាគច្រើន រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានជំរុញឲ្យមានការថ្កោលទោស យ៉ាងម៉ឺងម៉ាត់ចំពោះរុស្ស៉ី និងសង្រ្គាមនៅអ៊ុយក្រែន ខណៈរុស្ស៉ី និងចិនបានជំទាស់ ហើយឥណ្ឌា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ មិនអាចធ្វើសេចក្តីព្រាងសេចក្តីប្រកាសចុងក្រោយ ដែលអាចទទួលយកបានសម្រាប់សមាជិកទាំងអស់នោះទេ ខណៈប្រទេសមួយចំនួនទទូចឲ្យហៅជម្លោះនោះ ថាជាសង្រ្គាម។
គួរបញ្ជាក់ថា ការជួបគ្នានៅទីក្រុងហ្កាន់ឌីណាហ្ការ (Gandhinagar) នៃរដ្ឋហ្គូចារ៉ាត់ (Gujarat) ភាគខាងលិចប្រទេសឥណ្ឌា គឺជាកិច្ចប្រជុំហិរញ្ញវត្ថុលើកទី ៣ របស់ G20 ក្រោមការដឹកនាំរបស់ប្រធានាធិបតីឥណ្ឌា។ ចាប់តាំងពីទទួលតំណែងជាប្រធាន G20 នៅខែធ្នូ ឆ្នាំ២០២២មក ឥណ្ឌាមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានទេ៕