(រីយ៉ាដ)៖ នៅថ្ងៃអង្គារនេះ អារ៉ាប៊ីសាអូឌីតបានព្រមព្រៀងទិញយន្តហោះដ្រូនរបស់តួកគី ខណៈវាស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងមានតម្លៃថ្លៃមួយចំនួន ដែលប្រធានាធិបតីតួកគី លោក តេយីព អឺដូហ្កាន់ (Tayyip Erdogan) សម្រេចបានសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសលោក ដែលកំពុងតែជួបការលំបាក ហើយវាក៏ស្តែងឱ្យឃើញផងដែរ ពីការទទួលអត្ថប្រយោជន៍តបស្នងទៅវិញសម្រាប់ទីក្រុងអង់ការ៉ា ដែលបានមកពីការពុះពារផ្នែកការទូតរបស់លោក អឺដូហ្កាន់ ក្នុងការផ្សះផ្សាទំនាក់ទំនងឡើងវិញជាមួយ ក្រុមមហាអំណាចអារ៉ាប់នៅជាប់ឈូងសមុទ្រពែរ្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានរាយការណ៍ថា លោក អឺដូហ្កាន់ និងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាម៉ាត់ ប៊ីន សាល់ម៉ាន់ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ-លក់យន្តហោះដ្រូននោះ រវាងក្រុមហ៊ុនការពារជាតិតួកគី បេកា (Baykar) និងក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត។ យ៉ាងណាក្តី SPA ពុំបានផ្តល់ព័ត៌មានលម្អិតពីទំហំទឹកប្រាក់នៃកិច្ចព្រមព្រៀងឡើយ។
ការបណ្តាក់ទុនវិនិយោគនិងការផ្តល់មូលនិធិពីតំបន់ឈូងសមុទ្រពែរ្ស បានជួយសម្រាលសម្ពាធលើសេដ្ឋកិច្ច ក៏ដូចជារូបិយបណ្ណបម្រុងរបស់ប្រទេសតួកគីចាប់តាំងពីឆ្នាំ២០២១មក នៅពេលដែលទីក្រុងអង់ការ៉ា បានចាប់ផ្តើមកិច្ចប្រឹងប្រែងការទូតដើម្បីជួសជុលទំនាក់ទំនងឡើងវិញ ជាមួយអារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាត់អារ៉ាប់រួម។
តួកគីបានជួបភាពរកាំរកូសជាមួយប្រទេសឈូងសមុទ្រពែរ្សទាំងពីរ ដោយសារការគាំទ្ររបស់ទីក្រុងអង់ការ៉ា ចំពោះចលនាប្រជាធិបតេយ្យ នៅតំបន់មជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើង បូករួមជាមួយករណីឃាតកម្មអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល កាសូហ្គី (Jamal Khashoggi) នៅស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៉ីស្តង់ប៊ុល កាលពីឆ្នាំ២០១៨។
គួរបញ្ជាក់ថា លោក អឺដូហ្កាន់ បានធ្វើដំណើរមកដល់ទីក្រុងចេដា (Jeddah) របស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលជាជើងឈប់សំចតដំបូង នៃដំណើរទស្សនកិច្ចរបស់លោក នៅតំបន់ឈូងសមុទ្រពែរ្ស។ លោកប្រធានាធិបតីតួកគី នឹងធ្វើដំណើរទៅកាន់កាតា នាថ្ងៃអង្គារនេះ ហើយបន្តទៅអេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃពុធ៕