(ប៉េកាំង)៖ បេសកជនផ្នែកអាកាសធាតុរបស់សហរដ្ឋអាមេរិក លោក ចន ឃឺរី (John Kerry) បានប្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ចិន នៅថ្ងៃអង្គារនេះថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន អាចប្រើប្រាស់កិច្ចសហប្រតិបត្តិការអាកាសធាតុ ដើម្បីកំណត់ឡើងវិញនូវទំនាក់ទំនងរកាំរកូសរបស់ពួកគេ ក៏ដូចជាស្វែងរកវិធីសាស្រ្តដើម្បីដោះស្រាយការឡើងកំដៅផែនដី។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំមួយនៅឯសាលប្រជាជនចិន លោក ឃឺរី បានប្រាប់មន្រ្តីការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) យ៉ាងដូច្នេះថា «ក្តីសង្ឃឹមរបស់យើង គឺអាចជាការចាប់ផ្តើមនិយមន័យថ្មីនៃកិច្ចសហប្រតិបត្តិការ និងសមត្ថភាពដើម្បីដោះស្រាយ ភាពខ្វែងគំនិតគ្នារវាងពួកយើង»។
ដោយឡែក ក្នុងជំនួបជាមួយលោក លី ឈាំង (Li Qiang) នាយករដ្ឋមន្ត្រីចិន លោក ឃឺរី បានព្រមានថា ស្ថានភាពអាចនឹងកាន់តែអាក្រក់ឡើងក្នុងរដូវក្តៅនេះ ដោយលើកឡើងពីរបាយការណ៍ដែលថា តំបន់ស៉ីនជាំង (Xinjiang) ភាគពាយ័ព្យនៃប្រទេសចិន បានកត់ត្រាសីតុណ្ហភាពខ្ពស់ គឺជាង ៥២អង្សាសេ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលកម្រិតសីតុណ្ហភាពបែបនេះមានសភាពធ្ងន់ធ្ងរមិនធ្លាប់មាន។
គួរបញ្ជាក់ថា វិស័យសំខាន់ៗដែលនាំឲ្យភាគីទំាងពីរមានភាពរកាំរកូសកន្លងមក រួមមានបញ្ហាហិរញ្ញប្បទានអាកាសធាតុ ការប្រើប្រាស់ធ្យូងថ្មរបស់ចិន និងការកាត់បន្ថយឧស្ម័នមេតាន។ ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់បេសកជនអាមេរិក ទៅកាន់ប្រទេសចិន មានគោលបំណងស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការអាកាសធាតុ រវាងប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបំផុតទាំងពីរ របស់ពិភពលោក៕