(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារនេះថា តៃវ៉ាន់កំពុងសម្លឹងរកទិញប្រព័ន្ធមីស៉ីល NASAMS ពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីមើលឃើញថា វាដំណើរការបានល្អនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឈីវ គួចឹង (Chiu Kuo Cheng) បាននិយាយថា ទីក្រុងតៃប៉ិបានមើលឃើញនៅក្នុងសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែនថា ប្រព័ន្ធការពារដែនអាកាសខាងលើ ត្រូវបានប្រើប្រាស់ដោយមានប្រសិទ្ធភាព ហើយនៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរ ពីលទ្ធភាពដែលតៃវ៉ាន់នឹងទិញប្រព័ន្ធ NASAMS លោកក៏បានឆ្លើយតបថា ប្រាកដណាស់នឹងមានសំណើទិញពួកវា។ យ៉ាងណាក្តី បើតាមលោក ឈីវ តៃវ៉ាន់ពុំទាន់ទទួលបានការជូនដំណឹងផ្លូវការណាមួយពីអាមេរិក ថាពួកគេស្ម័គ្រចិត្តលក់ប្រព័ន្ធ NASAMS មកឱ្យនៅឡើយទេ។
ប្រព័ន្ធការពារដែនអាកាស NASAMS ត្រូវបានសហរដ្ឋអាមេរិក ផ្តល់ជាជំនួយយោធាដល់អ៊ុយក្រែន ដើម្បីជួយទប់ទល់ការឈ្លានពានរបស់រុស្ស៉ី ដោយក្រុមមន្រ្តីអាមេរិកបានអះអាងថា ពួកវាមានកម្រិតជោគជ័យរហូតដល់ទៅ១០០ភាគរយ ក្នុងការបាញ់ស្ទាក់មីស៉ីលរុស្ស៉ី។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុនអាមេរិក Raytheon Technologies និងក្រុមហ៊ុន Kongsberg Gruppen របស់ន័រវែស ក្នុងទម្រង់ជាប្រព័ន្ធការពារដែនអាកាស មានរយៈចម្ងាយខ្លីនិងមធ្យម ដែលដាក់ពង្រាយលើដីគោក ដើម្បីការពារប្រឆាំងមីស៉ីល ដ្រូន និងយន្តហោះចម្បាំង។
គួរបញ្ជាក់ថា ទោះបីមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ សហរដ្ឋអាមេរិកមានកាតព្វកិច្ចផ្លូវច្បាប់ ក្នុងការផ្តល់មធ្យោបាយដើម្បីជួយតៃវ៉ាន់ការពារខ្លួន ខណៈចិនតែងចេញមុខថ្កោលជានិច្ចចំពោះការលក់អាវុធទាំងនោះ និងទាមទារឱ្យទីក្រុងវ៉ាស៉ីនតោនឈប់ធ្វើយ៉ាងដូច្នោះ តទៅទៀត។ ជាច្រើនខែមកនេះ យោធាតៃវ៉ាន់បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ចំពោះសង្រ្គាមនៅអ៊ុយក្រែន ដើម្បីដកស្រង់មេរៀនស្តីពីការការពារខ្លួនប្រឆាំងនឹង គូសត្រូវដែលមានកម្លាំងធំជាងខ្លួន តួយ៉ាងដូចជាការប្រើប្រាស់យន្តហោះដ្រូនជាដើម៕