(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) នាថ្ងៃអង្គារនេះ បានអំពាវនាវឱ្យធ្វើកំណែទម្រង់លើ ប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយ របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីអាចមានសមត្ថភាពទប់ទល់ប្រសើរជាងមុនចំពោះ វិបត្តិដែលជំរុញដោយបញ្ហាប្រែប្រួលអាកាសធាតុ ក្រោយការធ្លាក់ភ្លៀងខ្លាំងជាច្រើនថ្ងៃជាប់គ្នា បានសម្លាប់មនុស្សរាប់សិបនាក់ នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងអំលុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោក យូន បានលើកឡើងដូច្នេះថា «បញ្ហាប្រែប្រួលអាកាសធាតុ កំពុងបង្កឱ្យគ្រោះមហន្តរាយធម្មជាតិ កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ។ យើងមិនអាចឆ្លើយតបចំពោះ វិបត្តិអាកាសធាតុក្នុងកម្រិតមិនធ្លាប់ជួបប្រទះពីមុនមកបែបនេះ តាមរយៈវិធីសាស្រ្តដែលពួកយើង បាននិងកំពុងធ្វើរហូតមកទល់ពេលឥឡូវឡើយ»។ លោក យូន បានបន្តថា នេះគឺជាអ្វីដែលលោកបានព្យាយាមសង្កត់ធ្ងន់ តាំងតែពីឆ្នាំមុន ដោយលោកចង់សំដៅលើការជន់លិចធ្ងន់ធ្ងរ កាលពីខែសីហា ឆ្នាំ២០២២ នៅពេលដែលភ្លៀងបានធ្លាក់ខ្លាំងមិនធ្លាប់មានលើរដ្ឋធានីសេអ៊ូល គិតក្នុងអំលុងពេល១១៥ឆ្នាំ។
គួរបញ្ជាក់ថា ការអំពាវនាវរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង កើតមានបន្ទាប់ពីមនុស្សជាង៤០នាក់ បានបាត់បង់ជីវិត និង៩នាក់ផ្សេងទៀត កំពុងបន្តបាត់ខ្លួននៅឡើយ ក្នុងគ្រោះទឺកជំនន់ក៏ដូចជាបំណាក់ដី ដែលបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំងជាច្រើនថ្ងៃ នៅតំបន់ភាគកណ្តាលប្រទេស។ តួលេខនោះ គឺរាប់បញ្ចូលទាំងមនុស្ស១៤នាក់ ដែលបានស្លាប់ នៅពេលផ្លូវរូងក្រោមដីមួយកន្លែង បានរងការជន់លិចនៅឯទីក្រុងឆឹងជូ (Cheongju)៕