(សេអ៊ូល)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា ជាលើកដំបូងគិតចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៨០មក នាវាមុជទឹកមួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបំពាក់ដោយមីស៉ីលបាលិស្ទីគនុយក្លេអ៊ែរ ឬហៅកាត់ថា SSBN កំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
មន្រ្តីសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៉ីហ្វិក នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក គឺលោក ខឺត ខេមប៊ែល (Kurt Campbell) បានប្រកាសពីដំណឹងខាងលើ ក្នុងឱកាសដែលរូបលោក កំពុងស្ថិតក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចប្រជុំលើកទីមួយ នៃក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរ ជាមួយក្រុមមន្រ្តីកូរ៉េខាងត្បូង ដែលផ្តោតលើការសម្របស្រួលវិធានការឆ្លើយតប ក្នុងករណីសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង ជាមួយប្រទេសកូរ៉េខាងជើង។
សហរដ្ឋអាមេរិកបានសន្យាបញ្ជូន នាវាមុជទឹកបំពាក់មីស៉ីលនុយក្លេអ៊ែរ (SSBN) មកកាន់កូរ៉េខាងត្បូង ក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានព្រមព្រៀងគ្នា រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំលុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ នៅទីក្រុងវ៉ាស៉ីនតោន កាលពីខែមេសា។ ក្នុងការព្រមព្រៀងនោះ គឺរួមមានទាំងការបង្កើនការចល័តអាវុធយុទ្ធសាស្រ្ត របស់សហរដ្ឋអាមេរិក មកកាន់ឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា កងទ័ពជើងទឹកអាមេរិក កំពុងធ្វើប្រតិបត្តិការនាវាមុជទឹកប្រភេទ SSBN ចំនួន១៤គ្រឿង ដែលមួយគ្រឿងៗ អាចផ្ទុកមីស៉ីល Trident II D5 ចំនួន២០គ្រាប់ ហើយមីស៉ីលនីមួយៗ អាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់៨គ្រាប់ ទៅកាន់គោលដៅស្ថិតនៅចម្ងាយអតិបរមា ១២,០០០គីឡូម៉ែត្រ។ ពួកនាវា SSBN របស់អាមេរិក ធ្លាប់ធ្វើការបំពេញទស្សនកិច្ចជាទៀងទាត់ទៅកាន់កូរ៉េខាងត្បូង កាលពីអំលុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែបានបញ្ឈប់ទៅវិញនៅឆ្នាំ១៩៨១។ ដោយឡែក កាលពីខែមិថុនាកន្លងទៅ នាវាមុជទឹកអាមេរិកមួយគ្រឿង ដើរដោយថាមពលនុយក្លេអ៊ែរ ដែលបំពាក់មីស៉ីលគ្រូស ឬហៅកាត់ថា SSGN ក៏បានត្រូវបញ្ជូនឱ្យមកបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង ផងដែរ៕