(ម៉ិកស៉ីកូ)៖ បុរសជនជាតិអូស្រ្តាលីម្នាក់ ដែលបានរសាត់អណ្តែតនៅលើផ្ទៃសមុទ្រជាមួយសត្វសុនខមួយក្បាល អស់រយៈពេល៣ខែមកនេះ គឺត្រូវបានជួយសង្រ្គោះហើយ ដោយទូកនេសាទម៉ិកស៉ិកមួយគ្រឿង នៅក្នុងតំបន់ដែនទឹកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
លោក ធីម៉ូស៉ី លីនសេ សេដដក់ (Timothy Lyndsay Shaddock) អាយុ៥៤ឆ្នាំ បានជាប់នៅលើទូកកម្សាន្តរបស់លោកដែលខូច ស្ថិតនៅលើផ្ទៃមហាសមុទ្រប៉ាស៉ីហ្វិក ចម្ងាយប្រហែល១,៩០០គីឡូម៉ែត្រពីដីគោក នៅពេលដែលក្រុមការងារនៃទូកនេសាទម៉ិកស៉ិករបស់ក្រុមហ៊ុន Grupomar បានប្រទះឃើញរូបលោក។ បើតាមក្រុមហ៊ុន Grupomar នៅពេលត្រូវបានគេរកឃើញ គឺលោក Shaddock ហើយនិងសត្វសុនខឈ្មោះ Bella គឺស្ថិតក្នុងសភាពទន់ខ្សោយ។ ទូកនេសាទម៉ិកស៉ិកនោះ ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់ កំពង់ផែទីក្រុង ម៉ានហ្សានីលឡូ (Manzanillo) នាថ្ងៃអង្គារសប្តាហ៍នេះ ជាមួយលោក Shaddock និងសុនខ Bella។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អូស្រ្តាលី Daily Telegraph បុរសជនជាតិអូស្រ្តាលី ដែលមានទីលំនៅនៅទីក្រុងស៉ីដនីរូបនេះ និងសត្វសុនខរបស់លោក បានចេញដំណើរតាមទូកកម្សាន្តផ្ទាល់ខ្លួន ពីទីក្រុងឡាប៉ាស់ (La Paz) របស់ម៉ិកស៉ិក ឆ្ពោះទៅកាន់ទីប្រជុំកោះ French Polynesia ដែលជាដែនដីនៅឯនាយសមុទ្ររបស់បារាំង កាលពីខែមេសា កន្លងទៅ។ លោក Shaddock បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អូស្រ្តាលី Nine News ថា រូបលោកហើយនិងសុនខបានបន្តនៅមានជីវិត តាមរយៈការហូបត្រីឆៅនិងផឹកទឹកភ្លៀង បន្ទាប់ពីព្យុះបានធ្វើឱ្យទូកកម្សាន្តលោករងការខូចខាត និងធ្វើឱ្យប្រព័ន្ធអេឡិចត្រូនិចរបស់វាលែងដំណើរ៕