(កៀវ)៖ កងទ័ពអាកាស និងក្រុមមន្រ្តីអ៊ុយក្រែន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា រុស្ស៉ីបើកការវាយប្រហារតាមផ្លូវអាកាស អំលុងវេលាយប់ចន្លោះថ្ងៃចន្ទនិងអង្គារសប្តាហ៍នេះ ទៅលើភាគខាងត្បូង និងខាងកើតរបស់អ៊ុយក្រែន ដោយប្រើយន្តហោះដ្រូន និងអាចជាមីស៉ីលបាលីស្ទីក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
អភិបាលក្រុងម៉ាយកូលៀវ (Mykolaiv) លោក អូឡេកសាន់ដឺ សិនកេវ៉ិក (Oleksandr Senkevich) បាននិយាយថា អគ្គីភ័យបានឆាបឆេះរចនាសម្ព័ន្ធមួយកន្លែងក្នុងទីក្រុងកំពង់ផែនេះកាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ Mykolaiv ជាច្រកផ្លូវរបស់អ៊ុយក្រែនចូលទៅកាន់សមុទ្រខ្មៅ។ ចំណែកឯ ខាងកងទ័ពអាកាសអ៊ុយក្រែនវិញ ក៏បានឲ្យដឹងតាមបណ្តាញ Telegram ថា កំពង់ផែភាគខាងត្បូងនៃទីក្រុងអូដេសា ម៉ាយកូលៀវ តំបន់ដូណេត ខឺសុន ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា និងឌីនីប្រូផេត្រូស្ក៍ ស្ថិតនៅក្រោមការគំរាមកំហែងនៃការវាយប្រហារដោយយន្តហោះដ្រូនរុស្ស៉ី។ រុស្ស៉ី ទំនងជាប្រើប្រាស់មីស៉ីលបាលីស្ទីក ដើម្បីវាយប្រហារលើតំបន់ប៉ុលតាវ៉ា (Poltava) ឆឺកាស៉ី (Cherkasy) ឌីនីប្រូផេត្រូស្ក៍ (Dnipropetrovsk) ខាកៀវ (Kharkiv) និងគីរ៉ូវ៉ូហ៍រាដ (Kirovohrad)។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទនេះថា ក្រសួងការពារជាតិរបស់លោក កំពុងត្រៀមលក្ខណៈធ្វើការសងសឹកចំពោះការវាយប្រហារ មួយដែលបង្កឲ្យមានការខូចខាតលើស្ពានគ្រីមៀ តភ្ជាប់តំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរបស់រុស្ស៉ី ដោយចោទប្រកាន់ថាអ៊ុយក្រែនជាអ្នកទទួលខុសត្រូវ៕