(មូស្គូ)៖ រុស្ស៊ីបានប្រកាសការប្រើប្រាស់គ្រាប់បែកចង្កោមវិញ បើសិនជាអ៊ុយក្រែនហ៊ានប្រើប្រាស់គ្រាប់ បែកចង្កោមផ្តល់ដោយសហរដ្ឋអាមេរិកនៅលើសមរភូមិ។ សង្គ្រាមក្នុង អ៊ុយក្រែនបានឈាន ចូលដល់ថ្ងៃទី៥០៨ហើយគិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ តើមានការប្រើប្រាស់គ្រាប់បែក ចង្កោមដែរឬទេវេលាចុងក្រោយនេះ?
យុទ្ធនាការ Counter Offensive របស់អ៊ុយក្រែនបានប្រព្រឹត្តទៅរយៈពេលប្រមាណ១ខែកន្លះមកហើយ ប៉ុន្តែសន្ទុះទំហំនៃទឹកដីដណ្តើមកាន់កាប់មិនទទួលបានលទ្ធផល ដូចតាម ការរំពឹងទុកឡើយ។ កាសែតញូយ៉កថែមស៍អាមេរិកបានរាយការណ៍ថាក្នុងរយៈពេលវាយប្រហារយុទ្ធនាការរដូវប្រាំងនោះ អ៊ុយក្រែនរងការបាត់បង់អស់សម្ភារៈសឹកជាច្រើន។ កាសែតអាមេរិកាំង នេះបាននិយាយថាអ៊ុយក្រែនបានខាតបង់សម្ភារៈសឹករបស់ខ្លួនក្នុងសមរភូមិមុខនោះ អស់ប្រមាណ២០ភាគរយគ្រាន់តែក្នុងរយៈពេល២សប្តាហ៍ដំបូង នៃការបើកយុទ្ធនាការសឹក។ យុទ្ធនាការវាយបក Counter Offensive បានចាប់ផ្តើម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ ការបាត់បង់ដ៏សន្ធឹកសន្ធាប់នោះហើយ បានពន្យឺត យុទ្ធនាការវាយលុក គ្រាដែលអ៊ុយក្រែនបានប្រញាប់ការស្រែកប្រកាសខ្វះខាតគ្រឿងសម្ភារៈសឹកដើម្បីបន្តការប្រយុទ្ធ ខណៈដែលមុនការប្រយុទ្ធនោះ អាវុធយុទ្ធភណ្ឌ ត្រូវអ៊ុយក្រែនបានអះអាងថាមិនមានខ្វះអ្វីទៀតនោះឡើយ។ គ្រឿងសព្វាវុធទំនើបផ្តល់ដោយក្រុមបស្ចឹមប្រទេស ត្រូវរាយការណ៍ថាត្រូវបានរុស្ស៊ីស្ទាក់កម្ទេចបានមួយចំនួន ក្នុងពេលដែលកំពុងធ្វើដំណើរសម្តៅមកសមរភូមិតាមរយៈការវាយប្រហារដោយកងកម្លាំងអាកាស។
សេចក្តីរាយការណ៍បានបង្ហាញថាក្នុងគម្រោងវាយប្រហារមួយក្នុងការដណ្តើមយករង្វង់ទឹកដី ៩៦គីឡូម៉ែត្រលើបណ្តោយផ្លូវមួយដែលអ៊ុយក្រែន បានគ្រោងទុកក្នុងពេលវាយលុក នោះ, ការដណ្តើមយកបានមានប្រមាណតែ៨គីឡូតែប៉ុណ្ណោះដោយសារតែរុស្ស៊ីបានត្រៀមជាមុននូវរបាំង ឧបសគ្គ និងការលេណដ្ឋានវាយស្ទាក់ជាច្រើនខែ មុនការវាយលុក បានចាប់ផ្តើមនោះ។ ក្នុងសប្តាហ៍នេះ សេចក្តីរាយការណ៍របស់ DW បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី បានថ្លែងទទួលស្គាល់ថាពិតជាមានការផ្អាក
ខ្លះមែនក្នុងប្រតិបត្តិការវាយលុកនោះ មែនដោយសារតែលោកបន្ទោសមកពីការខ្វះគ្រឿងសម្ភារៈសឹករួមទាំងគ្រាប់អាវុធសម្រាប់ការបាញ់សត្រូវផងដែរ។ ការខ្វះខាតគ្រឿង សម្ភារៈសឹកនេះ មួយផ្នែកត្រូវបានសហរដ្ឋអាមេរិក បានប្រកាសការផ្តល់ជំនួយមកបន្ថែម ក្នុងនោះរួមមានគ្រាប់បែកចង្កោមបើទោះបីជាអាវុធនេះ ត្រូវបានប្រទេសជាង១២០ លើសកលលោកបានហាមឃាត់ និងចាត់ទុកថាវាជាឧក្រិដ្ឋកម្ម សង្គ្រាមបើសិនជាភាគីណាមួយបានប្រើប្រាស់អាវុធដ៏មានគ្រោះថ្នាក់នេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រញាប់ថ្លែងប្រតិកម្មវិញថាបើសិនជាអ៊ុយក្រែន ប្រើប្រាស់គ្រាប់បែកចង្កោមអាមេរិក, រុស្ស៊ីនឹងប្រើប្រាស់គ្រាប់ចង្កោមរបស់គេ ដាក់គ្នាទៅវិញទៅមក។ លោក ពូទីន បានថ្លែងតាមទូរទស្សន៍រដ្ឋរបស់រុស្ស៊ី កត់សម្គាល់ថាសហព័ន្ធរុស្ស៊ីមានស្តុកអាវុធគ្រាប់បែកចង្កោមផ្សេងៗដោយគ្រប់គ្រាន់។ លោកពូទីន និយាយថា «យើងមិនទាន់បានប្រើប្រាស់គ្រាប់បែកចង្កោមនេះនៅឡើយទេ កាលពីមុនបើទោះជាយើងមានការខ្វះគ្រាប់រំសេវក៏ដោយ, ប៉ុន្តែប្រសិនណាបើគ្រាប់បែកចង្កោមនឹង ត្រូវបានប្រើប្រាស់ប្រឆាំងនឹងយើង យើងនឹងរក្សាសិទ្ធិធ្វើសកម្មភាពតបតទៅដូចគ្នា»។
សង្គ្រាមក្នុងអ៊ុយក្រែនដែលអូសបន្លាយរយៈពេល៥០៨ថ្ងៃគិតត្រឹមថ្ងៃចន្ទ ទី១៧ ខែកក្កដានេះ, ខណៈគ្រាប់បែកចង្កោមត្រូវគេរាយការណ៍ថាវាមិនមែនជាអាវុធដែលភាគីទាំង ២ មិនធ្លាប់បានប្រើប្រាស់កាលពីមុននោះមកឡើយ។ ក្រុមអង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថាទាំងរុស្ស៊ី និងអ៊ុយក្រែនធ្លាប់បានប្រើប្រាស់អាវុធ គ្រាប់បែកចង្កោមនេះច្រើនដងរួច ដែលគេមានទាំងបង្ហាញភស្ថុតាងជាក់ស្តែងថែមទៀតនៅលើសមរភូមិ។ សេចក្តីរាយការណ៍សារព័ត៌មានបាននិយាយថារុស្ស៊ីធ្លាប់បានប្រើអាវុធ នេះនៅសមរភូមិខាគីវ, ក្រោយមកនៅក្រុង Kramatorsk ដែលពេលនោះ មានមនុស្ស ៦៣នាក់បានស្លាប់ ប៉ុន្តែរុស្ស៊ីចោទថាគឺអ៊ុយក្រែនខ្លួនទេដែលបានប្រើប្រាស់ គ្រាប់បែកចង្កោមនោះ បាញ់ដាក់លើតំបន់ដែលមានប្រជាជនរស់នៅ។
នាយកស្រាវជ្រាវនៃសមាគមអ្នកជំនាញអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន លោកស្រី Maria Avdeeva បានថ្លែងថារុស្ស៊ីបានប្រើអាវុធទំនើបផ្សេងៗរបស់ខ្លួនជាច្រើន ចាប់តាំងពីដើមធ្វើ សង្គ្រាមរៀង មកក្នុងនោះរួមមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោម។ លោកស្រី Maria Avdeeva បានថ្លែងថារុស្ស៊ីបានប្រើប្រាស់អាវុធផ្សេងៗជាច្រើនប្រភេទដូចជាគ្រាប់បែក មានសារធាតុហ្វូសហ្វ័រ, គ្រាប់បែកចង្កោម និងគ្រាប់បែកផ្សេងៗដទៃទៀតលើក លែងតែអាវុធនុយក្លេអ៊ែ័រតាក់ទិកតែប៉ុណ្ណោះ។ លោកស្រីបានថ្លែងថាអ្វីដែលរុស្ស៊ីបានប្រកាស ថានឹងធ្វើការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ខ្លួនដើម្បីតបតមកវិញនោះ គឺមិនមែនជារឿងចម្លែកនោះទេ ពីព្រោះរុស្ស៊ីបានប្រើប្រាស់អាវុធប្រភេទដ៏មានគ្រោះថ្នាក់ នេះរួចទៅហើយ។
ការប្រកាសផ្តល់គ្រាប់បែកចង្កោមដោយសហរដ្ឋអាមេរិកដល់អ៊ុយក្រែនក្នុងពេលនេះទៀត គឺដោយសារតែអ៊ុយក្រែនបានខ្វះខាតគ្រាប់បាញ់ផ្លោង១៥៥ មីលីម៉ែត្រ ដែលសហរដ្ឋអាមេរិក មានសល់ប្រភេទគ្រាប់នេះ ប៉ុន្តែជាគ្រាប់បាញ់ដែលមានគ្រាប់បែកចង្កោម ខណៈគ្រាប់ស្តង់ដារបស់វាការមានការខ្វះខាតផងដែរ។ គ្រាប់បាញ់ផ្លោង ១៥៥មីលីម៉ែត្រ គឺជាគ្រាប់ដែលត្រូវការជាទីបំផុតនៅលើសមរភូមិ។ រដ្ឋាភិបាលអង់គ្លេសបានប្រកាសនូវការបង្កើនផលិតគ្រាប់បាញ់ស្តង់ដា១៥៥មីលីម៉ែត្រនេះនៅក្នុងប្រទេស របស់ខ្លួនដើម្បីឆ្លើយតបចំពោះអ៊ុយក្រែនក្នុងសេចក្តីត្រូវការគ្រាប់បាញ់កាំភ្លើងផ្លោង Artillery ដែលកំពុងមានការខ្វះខាតនេះ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងមុននេះប្រាប់ទូរទស្សន៍ស៊ីអិនអិនថាការសម្រេចផ្តល់គ្រាប់បែកចង្កោមគឺជាការលំបាកណាស់ ប៉ុន្តែលោកថាអ្វីដែលសហរដ្ឋអាមេរិក បានជ្រើសរើសយកផ្លូវនោះដើរ ពីព្រោះរដ្ឋាភិបាលក្រុងគៀវចាំបាច់ត្រូវការប្រើប្រាស់អាវុធនេះ ដើម្បីបន្តការវាយបណ្តេញរុស្ស៊ីចេញពីទឹកដីភាគខាងកើតក្នុងយុទ្ធនាការរដូវប្រាំង។ មន្ត្រីក្រសួងការបរទេសអាមេរិក បានថ្លែងថារដ្ឋាភិបាលក្រុងកៀវ បានសន្យាជាក់លាក់ណាស់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកថាគេនឹងមិនប្រើប្រាស់គ្រាប់បែកចង្កោមនោះ បាញ់ដាក់លើតំបន់ដែលមានប្រជាពលរដ្ឋរស់នៅឡើយ។ មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានថ្លែងក្នុងកិច្ចសម្ភាសន៍ក្រោយពេលដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តនោះ រដ្ឋបាលលោក ចូ បៃដិននោះទេ ដែលបានប្រកាសចាត់ទុកការប្រើប្រាស់អាវុធគ្រាប់បែកចង្កោមគឺជាឧក្រិដ្ឋកម្មសង្គ្រាម…ហើយលោកក៏បានយល់ស្របនូវ ការចាត់ទុកនោះ ផងដែរ។ មិនមានការបញ្ជាក់ថាតើសម្តីរបស់មេដឹកនាំរុស្ស៊ីបានសម្តៅទៅលើអ្វីនោះឡើយ ខណៈដែលសហរដ្ឋអាមេរិកដែលធ្លាប់និយាយថាការប្រើគ្រាប់បែកចង្កោម នោះគឺជា ឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែពេលនេះសហរដ្ឋអាមេរិកខ្លួនឯងបែរជារួមចំណែកក្នុងការធ្វើឧក្រិដ្ឋសង្គ្រាមនៅប្រទេសអ៊ុយក្រែននាពេលនេះ។
ប្រទេសកម្ពុជាកាលពីសប្តាហ៍មុន បានអំពាវនាវដោយទទួចសុំកុំឱ្យមានការប្រើប្រាស់គ្រាប់ បែកចង្កោមពីព្រោះតែកម្ពុជាមានប្រជាពលរដ្ឋរបស់ខ្លួនជាច្រើនបានរងគ្រោះនឹង គ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិក និងគ្រាប់បែកចង្កោមដែលទម្លាក់មកលើទឹកដីកម្ពុជាតាំងពីដើមទសវត្ស១៩៧០នោះមក ហានិភ័យរបស់វានៅមិនទាន់បានបញ្ចប់ សព្វគ្រប់អស់នៅឡើយទេ រហូតមកទល់នឹងពេលនេះ។ នៅលើសមរភូមិភាគខាងកើតអ៊ុយក្រែននោះវិញ, គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមិនទាន់មាន សេចក្តីរាយការណ៍អំពីការប្រើប្រាស់គ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិកនៅឡើយទេបើទោះបីជាគ្រាប់បែកចង្កោមនោះ ត្រូវគេរាយការណ៍ថាបានដឹកទៅដល់អ៊ុយក្រែន កាលពីសប្តាហ៍មុនក៏ដោយ។
យោងតាមសេចក្តីរាយការណ៍របស់កាសែត The Guardian , អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បាននិយាយថាការប្រយុទ្ធគ្នានាភាគខាងកើតប្រទេស មានសភាពកាន់តែខ្លាំងក្លាជាពិសេសការប៉ះទង្គិចគ្នានៅលើបីសមរភូមិ។ មន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនបានថ្លែងថារុស្ស៊ីបាននិងកំពុងវាយលុកក្នុងទិសដៅភូមិ Kupianskនៃក្រុង Kharkiv អស់រយៈពេល២ថ្ងៃជាប់គ្នាមកហើយ។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនដដែលបាននិយាយថាក្នុងរយៈពេល២ថ្ងៃនៃការវាយប្រហារនេះ កម្លាំងអ៊ុយក្រែន កំពុងការពារនិងទប់ទល់ និងថាការវាយប្រហារនោះមានសភាពកាចសាហាវជាខ្លាំង ប៉ុន្តែមិនមានសេចក្តីរាយការណ៍ជុំវិញការប្រើប្រាស់គ្រាប់បែកចង្កោម ឡើយ។
លោកស្រី Hanna Maliar បានថ្លែងផងដែរជុំស្ថានការណ៍នៅជុំវិញក្រុងបាក់មុត ដោយបញ្ជាក់ថា កម្លាំងអ៊ុយក្រែនកំពុងធ្វើដំណើររុលទៅមុខយ៉ាងសន្សឹមតាមមុខព្រួញ ភាគខាងត្បូងនោះ។ ពីភាគីរុស្ស៊ី នោះវិញ, កាសែត The Guardian បានរាយការណ៍ដកស្រង់សម្តីរបស់លោកពូទីន ដែលបានអះអាងនៅថ្ងៃនេះទៀតថាការវាយលុក របស់អ៊ុយក្រែននៅគ្រប់មុខព្រួញទាំងអស់ក្នុងការចង់ទម្លុះរបាំងឧបសគ្គរបស់រុស្ស៊ី មិនបានទទួលជោគជ័យឡើយចាប់តាំងពីមានការបើកយុទ្ធនាការវាយលុកតាំងពីថ្ងៃទី៤ ខែមិថុនានោះមក។ លោក វ្លាឌីមៀរ ពូទីន នៅមិនទាន់បានបញ្ជាក់ជុំវិញការប្រើប្រាស់គ្រាប់បែកចង្កោមដាក់គ្នាទៅវិញទៅមកទេគិតត្រឹមថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៣៕