(ប៉េកាំង)៖ ប្រជាជនរាប់ម៉ឺននាក់ នៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិន និងវៀតណាម ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ទីទួលមាន សុវត្ថិភាពរៀបចំដោយរដ្ឋ ខណៈព្យុះទីហ្វុង ថាលីម (Talim) បានបក់បោកវាយប្រហារលើតំបន់ដីគោក ដោយបង្ខំឱ្យមានការប្រកាសអាសន្នពីគ្រោះទឹកជំនន់ និងការលុបចោលជើងហោះហើរ ព្រមទាំងការធ្វើដំណើរតាមរថភ្លើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
បើតាមរដ្ឋបាលឧតុនិយមចិន ព្យុះទីហ្វុង Talim ដែលជាព្យុះទីហ្វុងទី៤ នៅក្នុងឆ្នាំនេះ បានបក់បោកទៅដល់ដីគោកនៃតំបន់ឆ្នេរក្នុងខេត្តក្វាងទុង (Guangdong) នៅម៉ោងប្រហែល ១០៖២០នាទីយប់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ ១៣៦.៨គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋបាលឧតុនិយមចិន ក៏បាន ព្រមានដែរថាព្យុះទីហ្វុង Talim នឹងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ឆ្នេរភាគខាងត្បូងចាប់ពីខេត្តក្វាងទុង ដល់ខេត្តហៃណាន់ (Hainan)។
ប្រឈមុខនឹងព្យុះទីហ្វុងក៏ខ្លាំងនេះដែរ អាជ្ញាធរចិនបានចេញការប្រកាសអាសន្នកម្រិត «ពណ៌ទឹកក្រូច» ដែលជាកម្រិតប្រកាសអាសន្នធ្ងន់ធ្ងរកម្រិតទី២ នៅក្នុង ប្រព័ន្ធប្រកាសអាសន្ននៃអាកាសធាតុរបស់ចិន ហើយមនុស្សជិត ២៣០,០០០នាក់ រស់នៅក្នុងខេត្តក្វាងទុង ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព កាលពីថ្ងៃចន្ទ។ បន្ថែមពីលើនេះ អាជ្ញាធរចិន បានបិទកន្លែងទេសចរណ៍តាមបណ្ដោយឆេ្នររាប់សិបកន្លែងជាបណ្ដោះអាសន្ន រីឯនាវាជួយសង្រ្គោះ១១គ្រឿង ឧទ្ធម្ភាគចក្រ ៥គ្រឿង ទូកតូចៗ ៤៦គ្រឿង ព្រមទាំងក្រុមអ្នកជួយសង្រ្គោះត្រូវបានដាក់ឱ្យប្រចាំត្រៀមលក្ខណៈធ្វើសកម្មភាពគ្រប់ពេលវេលា។
គួរបញ្ជាក់ថា នៅឯប្រទេសវៀតណាមវិញ អាជ្ញាធរក៏កំពុងត្រៀមលក្ខណៈជម្លៀសប្រជាជនជាង ៣០,០០០នាក់ ចេញពីតំបន់ដែលអាចនឹងរងគ្រោះធ្ងន់ធ្ងរ ដោយសារព្យុះ Talim ដូចជាខេត្ត កាងនីញ (Quang Ninh) និងខេត្តហៃហ្វុង (Hai Phong) ស្របពេលព្យុះនេះត្រូវបានគេព្យាករថានឹងវាយប្រហារលើ តំបន់ឈូងសមុទ្រតុងកឹង (Tonkin)៕