(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើឱ្យអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង២ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងម៉ានីល ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនសព្វថ្ងៃ លោក Ferdinand Marcos Jr កំពុង មានភាពរកាំរកូសនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
លោក Ferdinand Marcos Jr បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន សម្រាប់អាណត្តិមានរយៈពេល ៦ឆ្នាំ កាលពីឆ្នាំ២០២២ ដោយបានឡើងកាន់ អំណាចបន្តវេនពីលោក ឌូតើតេ ដែលមានជំហរទន់ភ្លន់ចំពោះចិន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅក្នុងជំនួបមួយនៅឯវិមានតាវយូតៃ (Diaoyutai) ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ប្រាប់លោក ឌូតើតេ ដូច្នេះថា «ខ្ញុំសង្ឃឹមថាអ្នកនឹងបន្តដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការមិត្តភាព (រវាងចិន និងហ្វីលីពីន)»។
គួរបញ្ជាក់ថា នៅក្រោមការដឹកនាំរបស់លោក Marcos ទំនាក់ទំនងរវាងចិន និងហ្វីលីពីន មានភាពតានតឹងនឹងគ្នាច្រើន ជាពិសេសចាប់តាំងពីប្រធានាធិបតី ហ្វីលីពីនរូបនេះ ងាកទៅរកសហរដ្ឋអាមេរិកវិញ និងអនុញ្ញាតឱ្យយោធាអាមេរិកអាចចូលប្រើប្រាស់មូលដ្ឋានទ័ពចំនួន ៤បន្ថែមទៀតនៅក្នុងប្រទេសហ្វីលីពីន ដោយបង្កឱ្យចិនក្ដៅក្រហាយ។ កាលពីខែមិថុនាកន្លងទៅ លោក ឌូតើតេ ធ្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថាហ្វីលីពីនអាចនឹងក្លាយជា «វាលកប់ខ្មោច» ប្រសិនបើត្រូវកៀបនៅចំកណ្ដាលនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន៕