(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភពីស្ថានការណ៍ វិវត្តន៍នៅក្នុងប្រព័ន្ធច្បាប់របស់ថៃ ខណៈមេដឹកនាំគណបក្សដែលឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ កំពុងប្រឈមមុខនឹង ពាក្យបណ្ដឹងតាមផ្លូវច្បាប់ដល់ទៅ ២ករណីផ្សេងៗគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។
ក្រុមមន្ត្រីអាមេរិក បានរក្សាភាពស្ងប់ស្ងាត់មិននិយាយអ្វីច្រើនឡើយ ជុំវិញស្ថានការណ៍វិវត្តន៍ក្រោយការបោះឆ្នោតសកលក្នុងប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តយោធាយូរអង្វែរមួយ របស់ខ្លួន នៅក្នុងតំបន់អាស៊ីជាទីដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្រួយបារម្ភពីការកើនឡើងឥទ្ធិពលចិន។ នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន ពីស្ថានការណ៍ក្នុង ប្រទេសថៃ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថាទីក្រុងវ៉ាស៊ីនតោន មិនមានចំណាប់អារម្មណ៍អ្វីចំពោះលទ្ធផលបោះឆ្នោតរបស់ថៃ នោះទេ ប៉ុន្តែគាំទ្រនីតិវីធីមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈនៃប្រជាជនថៃ។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ពីស្ថានការណ៍វិវត្តន៍នៅក្រោយការបោះឆ្នោត ក្នុងនោះរួមមានទាំងស្ថានការណ៍វិវត្តន៍ ថ្មីៗនេះនៅក្នុងប្រព័ន្ធច្បាប់ ដែលជារឿងគួរឱ្យព្រួយបារម្ភ»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញស្ថានការណ៍នៅក្នុងប្រទេសថៃ ធ្វើឡើងតែជាង២ថ្ងៃប៉ុណ្ណោះ មុននឹងសភាទាំង ២របស់ថៃនឹងត្រូវបើកសម័យប្រជុំរួម ជាលើកទី២ នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ទទួលបរាជ័យ ក្នុងការបោះឆ្នោតកាលពីជុំទី១ ហើយលោកត្រូវបានគេរំពឹងថានឹងឈរឈ្មោះជាថ្មីម្ដងទៀត។ ប៉ុន្តែ ជាមួយគ្នានោះដែរ តុលាការធម្មនុញ្ញថៃបានទទួលយកពាក្យបណ្ដឹង ២ ដាច់ ដោយឡែកពីគ្នាប្រឆាំងនឹងលោក Pita ពាក់ព័ន្ធនឹងផែនការធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះចេសា្ដ និងអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតថៃដែល ស្នើឱ្យដកសមាជិកភាពសភារបស់លោក Pita ដោយចោទថាបេក្ខជននាយករដ្ឋមន្ត្រីរូបនេះបានរំលោភលើច្បាប់បោះឆ្នោត ជុំវិញការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ៕