(បាងកក)៖ នៅបន្ទាប់ពីទទួលបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នៅឯសម័យប្រជុំរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ វាហាក់ដូចជាបង្ហាញឱ្យដឹងមុនទៅហើយថាលោក Pita Limjaroenrat សឹងតែគ្មានឱកាសទៀតឡើយ បើទោះជាលោកជម្នះឈរឈ្មោះជាបេក្ខជន នាយករដ្ឋមន្ត្រីមិនថាប៉ុន្មានដងទៀតក៏ដោយ។
ក្រុមគណបក្សស្ថិតនៅក្រៅក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward និងសមាជិកព្រឹទ្ធសភាភាគច្រើនដែលត្រូវបានតែងតាំងដោយយោធាថៃ បានប្រឆាំង ជំទាស់ទៅនឹងការសន្យាដាច់ខាតរបស់លោក Pita ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការប្រមាថព្រះចេស្ដា ដែលដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកហ៊ានរិះគន់ និងប្រមាថដល់ព្រះមហាក្សត្រ ឬសែរាជវង្សថៃ។ មិនតែប៉ុណ្ណោះ អ្នកនយោបាយថៃរៀនចប់ពីសាលា Harvard រូបនេះ ក៏កំពុងប្រឈមមុខនឹងការដកសមាជិកភាពជា សមាជិកសភាផងដែរ ក្រោយតុលាការធម្មនុញ្ញទទួលយកអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ជុំវិញការចោទប្រកាន់ថាលោក Pita បានរំលោភច្បាប់ បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលលែងដំណើរការ អស់ជាច្រើនឆ្នាំមកហើយ អំឡុងចូលរួមប្រកួតប្រជែងក្នុង ការបោះឆ្នោត។
ខណៈនៅតែអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជុំទី២ នៅថ្ងៃទី១៩ ខែកក្កដានេះក៏ពិតមែន ក្រុមអ្នកវិភាគយល់ថាការគាំទ្រសម្រាប់លោក Pita នឹងធ្លាក់ចុះនៅក្នុងក្រុមចម្រុះរបស់លោក ប្រសិនបើបរាជ័យជាលើកទី២ បើទោះជាមិនមានការកំណត់ចំនួនបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់ក្នុងការបោះឆ្នោត នាយករដ្ឋមន្ត្រីក៏ដោយ។ លោក Kevin Hewison ជាសាស្ត្រាចារ្យម្នាក់ខាងសិក្សាពីតំបន់អាស៊ី មកពីសាកលវិទ្យាល័យ University of North Carolina មានមូលដ្ឋាន ក្នុងទីក្រុង Chapel Hill (សហរដ្ឋអាមេរិក) បាននិយាយថាការប៉ុនប៉ងជាថ្មីណាមួយរបស់លោក Pita វានឹងកាន់តែពង្រឹងជំហរប្រឆាំងជំទាស់នឹងរូបលោក នៅក្នុង ចំណោមអ្នកភិរក្សនិយម ហើយនឹងមានតែធ្វើឱ្យការគាំទ្ររបស់លោកនៅក្នុងក្រុមចម្រុះធ្លាក់ចុះទន់ខ្សោយតែប៉ុណ្ណោះ។ ដូច្នេះតើសេណារីយ៉ូអ្វីដែលអាចនឹងកើតឡើង នៅថ្ងៃទី១៩ ខែកក្កដា?
* លោក Pita គាំទ្រគណបក្ស Pheu Thai
បេក្ខជននាយករដ្ឋមន្ត្រីថៃនៃក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward លោក Pita Limjaroenrat កាលពីថ្ងៃសៅរ៍ ទី១៥ ខែកក្កដា បាននិយាយថាលោកនឹង ដកខ្លួនចេញពីការប្រជែងយកតំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើលោកនៅតែមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ក្នុងការបោះឆ្នោតជុំទី២ នៅថ្ងៃទី១៩ ខែកក្កដាទេនោះ។
ថ្លែងនៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក Pita បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើច្បាស់ថាគណបក្ស Move Forward ពិតជាគ្មានឱកាស ដើម្បីបង្កើតរដ្ឋាភិបាលបានទេ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ឱកាសឱ្យប្រទេសថៃ តាមរយៈការទុកឱ្យគណបក្សទទួលបានសំឡេងគាំទ្រច្រើនលំដាប់ទី២ (គណបក្សភឿថៃ) ...ជាអ្នកបង្កើតក្រុមចម្រុះ»។ លោក Isra Sunthornvut ជាអតីតសមាជិកសភាថៃមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថាលោកមិនមាន ការភ្ញាក់ផ្អើលអ្វីទេ ប្រសិនបើលោក Pita ផ្ដល់ការគាំទ្រដល់គណបក្ស Pheu Thai ជាអ្នកដឹកនាំក្រុមចម្រុះថ្មី។
នៅក្នុងសេណារីយ៉ូបែបនេះ បញ្ហាប្រឈមធំតែមួយគត់ នោះគឺគណបក្ស Pheu Thai នឹងជួបផលលំបាកក្នុងការប្រមូលការគាំទ្រពីក្រុមអ្នកអភិរក្សនិយម បើនៅតែស្ថិត នៅក្នុងក្រុមចម្រុះតែមួយ ឬនៅតែជាសម្ព័ន្ធមិត្តរបស់គណបក្ស Move Forward ដែលប្រកាសដាច់អហង្ការត្រូវតែធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះចេស្ដា។
* ការប្រេះឆានៅក្នុងសម្ព័ន្ធអ្នកប្រជាធិបតេយ្យ
ដោយសារតែជំហរអហង្ការរបស់គណបក្ស Move Forward និងដើម្បីអាចទទួលបានសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាថៃ គណបក្ស Pheu Thai ទំនងជាអាចនឹង ពិចារណាផ្ដាច់ខ្លួនចេញពីក្រុមចម្រុះរបស់គណបក្ស Move Forward ហើយព្យាយាមបង្កើតរដ្ឋាភិបាលមួយដឹកនាំដោយម្នាក់នៅក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រី ទាំង៣រូបរបស់ខ្លួន ក្នុងនោះរួមមានទាំងសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin និងអ្នកនាង Paetongtarn Shinawatra ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន។
លោក ថាក់ស៊ីន ដែលកំពុងទន្ទឹងរង់ចាំឱកាសត្រឡប់ចូលស្រុកវិញ ធ្លាប់បានប្រកាសថាគណបក្ស Pheu Thai នឹងមិនគាំទ្រឡើយចំពោះការប៉ុនប៉ងទាំងឡាយ ដើម្បី ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញច្បាប់ស្ដីពីការប្រមាថព្រះចេស្ដា។ វិស័យឯកជននៅក្នុងប្រទេសថៃ ចង់ឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បី អាចឱ្យសេដ្ឋកិច្ចបន្តរីកចម្រើនតាមការរំពឹងទុក។ នេះជាការបញ្ជាក់របស់លោក Sanan Angubolkul ជាប្រធានសភាពាណិជ្ជកម្មថៃ។
* រដ្ឋាភិបាលសំឡេងភាគតិចគាំទ្រដោយយោធា
នៅក្នុងសេណារីយ៉ូទី៣នេះ ព្រឹទ្ធសភាថៃអាចនឹងគាំទ្ររដ្ឋាភិបាលសំឡេងភាគតិចមួយដឹកនាំដោយមេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul ឬក៏ មនុស្សណាម្នាក់ផ្សេងទៀតគាំទ្រដោយយោធាថៃ ដូចជាលោក បា្រវីត វ៉ុងស៊ូវ៉ាន់ជាដើម។ ក៏ប៉ុន្តែ លទ្ធផលដែលកើតចេញពីសេណារីយ៉ូនេះ អាចនឹងបង្កទៅជាបាតុកម្មតវ៉ា ពីសំណាក់អ្នកគាំទ្រប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលសំឡេងភាគតិចបែបនេះក៏នឹងប្រថុយនឹងការបោះឆ្នោតដកទំនុកចិត្តផងដែរ។ ម្លោះហើយដើម្បីទប់ស្កាត់កុំឱ្យរឿង បែបនេះកើតឡើង វាអាចទៅរួចថាក្រុមអ្នកអភិរក្សនិយមក្នុងប្រទេសថៃ អាចនឹងជំរុញឱ្យតុលាការធម្មនុញ្ញ រំលោយគណបក្ស Move Forward ដូចដែលពួកគេធ្លាប់បាន ធ្វើក្នុងការរំលាយគណបក្ស Future Forward និងអាចដល់លុបផលលទ្ធផលបោះឆ្នោតតែម្ដង ដោយប្រើប្រាស់ការប៉ុនប៉ងក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថ ព្រះចេស្ដា ជាលេស។
លោក Hewison បាននិយាយថាការធ្វើបែបនេះគឺត្រូវការពេលវេលាមួយចំនួន ដោយលោកចង់សំដៅទៅលើនីតិវិធីការរំលាយគណបក្ស Move Forward និងលុបចោល លទ្ធផលបោះឆ្នោត។ លោកបន្ថែមថាការរៀបចំការបោះឆ្នោតថ្មីមួយភ្លាមៗ ក៏ទំនងជាមិនអាចទទួលបានលទ្ធផលខុសប្លែកពីការបោះឆ្នោតសកលកាលពីខែឧសភា កន្លងទៅនោះដែរ ប៉ុន្តែដើម្បីការពារអំណាចរបស់ខ្លួន រឿងអ្វីក៏ក្រុមអ្នកអភិរក្សនិយមនៅក្នុងប្រទេសថៃអាចធ្វើចេញមកបានដែរ កុំថាឡើយរដ្ឋប្រហារ។
តែទោះយ៉ាងណាក៏ដោយ ការរំលាយគណបក្ស Move Forward ឬការដាក់បម្រាមណាមួយលើអ្នកនយោបាយដែលកំពុងមានប្រជាប្រិយភាពដូចជាលោក Pita អាចនឹង បង្កទៅជាបាតុកម្មទ្រង់ទ្រាយធំ ហើយបាតុកម្មក្នុងពេលនេះ គឺអាចបង្កគ្រោះថ្នាក់ធំដល់ស្ថាប័នរាជានិយមថៃជាងពេលណាៗទាំងអស់ ដូចដែលគេបានឃើញហើយថា បាតុកម្មក្នុងប្រទេសថៃ នាពេលកន្លងមក បានដាក់មុខព្រួញត្រង់ៗតម្រង់ទៅកាន់ស្ថាប័នរាជានិយមថៃខ្លាំងជាងបណ្ដាឆ្នាំមុនៗកន្លងទៅ។ ណាមួយ ស្ថានការណ៍ជាប់គាំង នយោបាយនឹងមានតែធ្វើឱ្យអ្នកវិនិយោគបរទេសបាត់បង់ទំនុកចិត្ត និងអាចបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ដែលជាសរសៃឈាមដ៏សំខាន់មួយមិនអាចខ្វះ បាននៃសេដ្ឋកិច្ចថៃ នៅចំពោះមុខភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល៕