(ញូវយ៉ក)៖ កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យមាន ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន តាមសមុទ្រខ្មៅប្រកបដោយសុវត្ថិភាពកាលពីឆ្នាំមុន នឹងផុតកំណត់នៅថ្ងៃចន្ទ (១៧ កក្កដា) នេះ បន្ទាប់ពីរុស្ស៊ីបាននិយាយថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងនេះទៀតនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
កិច្ចព្រមព្រៀងដែលត្រូវបានសម្របសម្រួល ដោយអង្គការសហប្រជាជាតិ និងតួកគីកាលពីខែកក្កដាឆ្នាំមុន គឺមានគោលបំណងកាត់បន្ថយវិបត្តិស្បៀងអាហារពិភពលោក ដោយអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ប្រកបដោយសុវត្ថិភាព ដែលត្រូវបានរារាំងដោយជម្លោះរុស្ស៊ី-អ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទសប្តាហ៍នេះថា កិច្ចព្រមព្រៀងសមុទ្រខ្មៅ នឹងអស់សុពលភាពហើយនៅថ្ងៃនេះ។ លោកបានលើកឡើងដូច្នេះថា «ជាអកុសលផ្នែកខ្លះ នៃកិច្ចព្រមព្រៀងសមុទ្រខ្មៅទាក់ទងនឹងប្រទេសរុស្ស៊ី មិនទាន់ត្រូវបានអនុវត្តទេ ដូច្នេះសុពលភាពរបស់វានឹងផុតកំណត់»។
លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តមិនបន្តកិច្ចព្រមព្រៀងនេះ មិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើស្ពានរវាងរុស្ស៊ី និងគ្រីមៀ ដែលលោកបានហៅថាជា «អំពើភេរវកម្ម» នោះទេ ហើយបានស្តីបន្ទោសរឿងនេះទៅលើអ៊ុយក្រែន។
គួរបញ្ជាក់ថា រុស្ស៊ីធ្លាប់បានគំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះជាច្រើនដងមកហើយ ជាមួយការត្អូញត្អែរថា ចំណុចដែលខ្លួនបានទាមទារនៅក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ មិនទាន់បានសម្រេចទេ។ រុស្សីក៏បានចោទប្រកាន់ទៀតថា គ្រាប់ធញ្ញជាតិដែលត្រូវបាននាំចេញមិនបានទៅដល់ប្រទេសក្រីក្រដូចការអះអាងរបស់ភាគីពាក់ព័ន្ធនោះទេ។
ទោះជាយ៉ាងណា អង្គការសហប្រជាជាតិបាននិយាយថា កិច្ចព្រមព្រៀងនេះបានផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងនោះ តាមរយៈការជួយកាត់បន្ថយតម្លៃម្ហូបអាហារជាង ២០ ភាគរយនៅទូទាំងពិភពលោក៕