(កៀវ)៖ ប្រភពពីភាគីអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទនេះថា កងទ័ពជើងទឹកអ៊ុយក្រែន និងសេវាសន្តិសុខជាតិ បានធ្វើការវាយប្រហារមួយកាលពីយប់ថ្ងៃ (ចន្ទ) លើស្ពានដែលសាងសង់ ដោយរុស្ស៊ីតភ្ជាប់តំបន់គ្រីមៀទៅនឹងប្រទេសរុស្ស៊ី។
ប្រភពសន្តិសុខមួយបាននិយាយថា «ការវាយប្រហារនៅថ្ងៃនេះ លើស្ពានគ្រីមៀ ជាប្រតិបត្តិការពិសេសរបស់អង្គភាពសន្តិសុខរដ្ឋ (SBU) និងកងទ័ពជើងទឹកអ៊ុយក្រែន»។ យោងតាមប្រភពដដែលនេះបានឲ្យដឹងទៀតថា ការវាយប្រហារនេះបានធ្វើឡើង ដោយប្រើយន្តហោះគ្មានមនុស្សបើក។
ក្នុងពេលជាមួយគ្នា រុស្ស៊ីក៏បានចោទអ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការវាយប្រហារដែលខ្លួនបានអះអាងថា បានសម្លាប់មនុស្សពីរនាក់ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូច្នេះថា «ការវាយប្រហារនាថ្ងៃនេះលើស្ពានគ្រីមៀ ត្រូវបានប្រព្រឹត្តដោយរបបក្រុងកៀវ»។
គួរបញ្ជាក់ថា ស្ពានគ្រីមៀ ដែលជាខ្សែបណ្តាញផ្គត់ផ្គង់ដ៏សំខាន់មួយ សម្រាប់កងកងកម្លាំងរបស់រុស្ស៉ីនៅឯអ៊ុយក្រែន បានទទួលការខូចខាត នាថ្ងៃចន្ទនេះ អំឡុងអ្វីដែលមន្រ្តីរុស្ស៉ីហៅថាជា «ស្ថានការណ៍អាសន្ន» ខណៈមនុស្សពេញវ័យ២នាក់បានស្លាប់ និងក្មេងម្នាក់បានរងរបួស ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន បានរាយការណ៍ថា មានការផ្ទុះនៅលើស្ពាននោះ៕