(អ៊ីស្លាម៉ាបាដ)៖ មេដឹកនាំយោធាកំពូលនៃប្រទេសប៉ាគីស្ថាន និងប្រទេសជិតខាងអ៊ីរ៉ង់ បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកការស៊ើបការណ៍សម្ងាត់ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធផ្តាច់ខ្លួន នៅតាមព្រំដែនរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។
មន្ត្រីបាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេច ក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាលពីចុងសប្តាហ៍ ទៅកាន់ទីក្រុងតេអេរ៉ង់ដោយមេទ័ពដ៏មានឥទ្ធិពលរបស់ប្រទេសប៉ាគីស្ថាន លោកឧត្តមសេនីយ៍ Asim Munir ។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ លោក Munir ទៅកាន់ទីក្រុងតេអេរ៉ង់ កើតឡើងបន្ទាប់ពីមានការផ្ទុះឡើង នៃការវាយប្រហារនៅក្នុងខេត្ត Balochistan ភាគនិរតី ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។
គួរបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការវាយប្រហារឆ្លងព្រំដែន របស់ពួកសកម្មប្រយុទ្ធប៉ាគីស្ថាន ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់បានជួបប្រទះនឹងភាពតានតឹង។ ក្រុមបំបែកខ្លួនតូចៗបាននៅពីក្រោយការបះបោរដែលអូសបន្លាយយូរមកហើយ ខណៈពួកគេទាមទារឯករាជ្យខេត្ត Balochistan ដែលសម្បូរដោយឧស្ម័ន និងប្រេង ពីរដ្ឋាភិបាលកណ្តាលនៃទីក្រុងអ៊ីស្លាម៉ាបាដ៕