(ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងនៅថ្ងៃចន្ទ ទី១៧ ខែកក្កដានេះថា សីតុណ្ហភាពនៅភាគពាយ័ព្យរបស់ប្រទេស បានឡើងរហូតដល់ ៥២.២ អង្សាសេកាលពីចុងសប្តាហ៍ ដែលជាកំណត់ត្រាថ្មីសម្រាប់តំបន់នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋបាលឧតុនិយមចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានីយ៍អាកាសធាតុនៅក្នុងភូមិ Sanbao ក្នុងតំបន់ Xinjiang «បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុត ៥២.២អង្សាសេនៅម៉ោង ៧យប់ថ្ងៃទី ១៦ខែកក្កដា ដោយបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់ជាប្រវត្តិសាស្ត្រសម្រាប់រយៈពេលដូចគ្នា»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា កំណត់ត្រាពីមុនគឺ ៥០.៦អង្សាសេដែលបានកំណត់ក្នុងខែកក្កដា ឆ្នាំ២០១៧។
ទីភ្នាក់ងារអាកាសធាតុបាននិយាយថា អាជ្ញាធរភូមិ Sanbao នៅជាយក្រុង Turpan បានស្នើឱ្យកម្មករ និងនិស្សិតស្នាក់នៅផ្ទះ និងបានបញ្ជាឱ្យរថយន្តពិសេសបាញ់ទឹកលើផ្លូវសំខាន់ៗ។ សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា សីតុណ្ហភាពលើផ្ទៃបានឡើងដល់ ៨០អង្សាសេ នៅក្នុងផ្នែកខ្លះនៃតំបន់ជាយក្រុង Turpan កាលពីថ្ងៃអាទិត្យ៕