(សិង្ហបុរី)៖ ប្រធានសភានៃប្រទេសសិង្ហបុរី ព្រមទាំងស្រ្តីជាសមាជិកសភាម្នាក់ទៀត បានលាលែងពីតំណែងនាថ្ងៃចន្ទនេះ ដោយសារតែ​រឿង​លួចមានទំនាក់ទំនងមិនសមរម្យ ជាមួយគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានប្រកាសថា រូបលោកបានទទួលយក ការលាលែងពីតំណែង​របស់ប្រធានសភាគឺលោក តាន់ ឈាន់ជីន (Tan Chuan Jin) ហើយនិងសមាជិកសភាលោកស្រី ឆេង លីហ៊ុយ (Cheng Li Hui) ដើម្បីរក្សាស្តង់ដាខ្ពស់នៃភាពសមរម្យ និងការប្រព្រឹត្តខ្លួនរបស់គណបក្សកាន់អំណាច PAP។ បើតាមលោក លី អ្នកទាំងពីរបានបន្តលួចមាន​ទំនាក់ទំនងមិនសមរម្យជាមួយគ្នា ទោះបីក្រោយពេលលោកបានប្រាប់ពួកគេដោយផ្ទាល់ ថាឱ្យបញ្ឈប់ទំនាក់ទំនងនោះ តាំងតែពីខែកុម្ភៈក៏ដោយ។

គួរបញ្ជាក់ថា វាគឺជាស្ថានការណ៍វិវត្តន៍ថ្មីចុងក្រោយមួយទៀត ដែលបានធ្វើឱ្យរង្គោះរង្គើគណបក្ស PAP ដែលបានដឹកនាំប្រទេសសិង្ហបុរី ជាប់រហូតមកអស់រយៈពេល៦៤ឆ្នាំហើយ ពោលគឺតាំងពីមុនសិង្ហបុរីទទួលបានឯករាជ្យទៅទៀត។ គណបក្សកាន់អំណាចសិង្ហបុរី បានមានមោទនភាពលើខ្លួនឯងជាខ្លាំង ក្នុងនាម​ជារដ្ឋាភិបាលដែលគ្មានអំពើពុករលួយ។ យ៉ាងណាមិញ កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរី លោក អ៉ីសវ៉ារ៉ាន់ ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏មានឥទ្ធិពលរបស់បុរីរដ្ឋមួយនេះ ពាក់ព័ន្ធសំណុំរឿងស៉ើបអង្កេតទ្រង់ទ្រាយធំមួយ ទៅលើ​អំពើពុករលួយនៅក្នុងប្រទេស។ លោក អ៉ីសវ៉ារ៉ាន់ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ៕