(ហូនៀរ៉ា)៖ នាយករដ្ឋមន្ត្រីនៃប្រទេសដីកោះសូឡូម៉ុន លោក ម៉ាណាសេហ៍ សូហ្កាវ៉ា (Manesseh Sogavare) បានត្រឡប់ទៅដល់ទីក្រុងហូនៀរ៉ា (Honiara) វិញហើយនៅថ្ងៃចន្ទនេះ បន្ទាប់ពីធ្វើទស្សនកិច្ចផ្លូវការរយៈពេល ១សប្តាហ៍ទៅកាន់ប្រទេសចិន ដោយប្រាប់អ្នកយកព័ត៌មានថា ក្រុងប៉េកាំងនឹងផ្តល់ជំនួយថវិកាបន្ថែមទៀត ហើយហៅអូស្ត្រាលី ថា «មិនដូចជាអ្នកជិតខាង» របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។
ទូរទស្សន៍ ABC របស់អូស្រ្តាលីបានរាយការណ៍ថា លោក សូហ្កាវ៉ា បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក មិនគួរភ័យខ្លាចចំពោះការគាំទ្ររបស់ប៉ូលិសចិនសម្រាប់សូឡូម៉ុន នោះទេ។ លោក សូហ្កាវ៉ា បានគូសបញ្ជាក់ថា «ការកំណត់និយមន័យឲ្យទំនាក់ទំនងចិន-កោះសាឡូម៉ូន របស់អូស្រ្តាលី គឺដូចមិនមែនអ្នកជិតខាងនឹងគ្នា ហើយខ្វះការគោរព»។
គួរបញ្ជាក់ថា អូស្ត្រាលី ធ្លាប់ និងជាម្ចាស់ជំនួយ និងជាដៃគូសន្តិសុខដ៏ធំបំផុតរបស់កោះសូឡូម៉ុន។ បើទោះជាបែបនេះក្តី សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ និងគណបក្សប្រឆាំងនៅសូឡូម៉ុន បានអំពាវនាវលោកនាយកដ្ឋមន្រ្តី Sogavare ផ្សព្វផ្សាយនូវព័ត៌មានលម្អិត ពីកិច្ចព្រមព្រៀងប៉ូលិស ដែលបានចុះហត្ថលេខានៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន ចំពេលមានការព្រួយបារម្ភថា វានឹងបង្កើនការប្រកួតប្រជែងក្នុងតំបន់បន្ថែមទៀត៕