(ប៉េកាំង)៖ “ភពផែនដីជាលំនៅដ្ឋានរួមរបស់យើង ហើយក៏ជាទីជម្រកដែលសត្វនិងរុក្ខជាតិផ្សេងទៀត ចំនួនរាប់ពាន់លានពឹងអាស្រ័យផងដែរ ។ដូច្នេះ សូមជប៉ុនបញ្ឈប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រភ្លាម!”ពេលថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម YouTube ម្នាក់បានអំពាវនាវដូចខាងលើនេះនៅពេលចូលរួមការស្ទង់ប្រជាមតិ ពិភពលោកតាមបណ្តាញអ៊ីនធើណេតដែលស្ថានីយទូរទស្សន៍ CGTN បានរៀបចំធ្វើអំពីផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុន ។

បច្ចុប្បន្ននេះ ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន កំពុងបណ្តាលឱ្យសហគមន៍អន្តរជាតិមានការប្រឆាំង និងថ្កោលទោសជាទូទៅ ។ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិពិភពលោក តាមបណ្តាញអ៊ីនធើណេតចំនួនពីរលើក ដែលស្ថានីយទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើក្នុងរយៈពេលបីខែបានបង្ហាញឱ្យដឹងថា អ្នកចូលរួមការស្ទង់ប្រជាមតិចំនួន៩៤,៨៥ភាគរយ បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ជប៉ុន ដែលមិនអើពើនឹងការយកចិត្តទុកដាក់ និងប្រឆាំងពីសហគមន៍អន្តរជាតិ ដោយសម្គាល់ថា ទង្វើនេះគឺមិនទទួលខុសត្រូវណាស់ ។ ការព្រួយបារម្ភនិងភ័យខ្លាចរបស់ប្រជាជនទូទាំងពិភពលោក ចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុនកំពុងរីករាលដាល ។

ពេលថ្មីៗកន្លងទៅនេះ លោក Henry Puna អគ្គលេខាធិការនៃវេទិកាប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិក បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ផែនការបង្ហូរសារធាតុវិទ្យុសកម្មទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិករបស់ជប៉ុន មិនត្រឹមតែជាបញ្ហាសន្តិសុខនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងក៏បង្កជាផលប៉ះពាល់ដល់បរិស្ថានសមុទ្រ របរនេសាទ សុខភាពប្រជាជននិងផលប្រយោជន៍របស់កូនចៅជំនាន់ក្រោយផងដែរ ។

កាលពីថ្ងៃទី៤ខែកក្កដា អង្គការថាមពលបរមាណូអន្តរជាតិបានចេញផ្សាយរបាយការណ៍វាយតម្លៃចម្រុះ ចំពោះការចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ Fukushima របស់ជប៉ុន ដោយសម្គាល់ថា ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន គឺសមស្របនឹងស្តង់ដារសន្តិសុខអន្តរជាតិជាទូទៅ ។ ប៉ុន្តែបើមើលពីខ្លឹមសារនៃរបាយការណ៍អាចឃើញថា វាមិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវមតិយោបល់ របស់អ្នកជំនាញទាំងអស់ដែលចូលរួមការវាយតម្លៃនោះទេ ហើយបទសន្និដ្ឋានពាក់ព័ន្ធក៏មិនទទួលបានការឯកភាពគ្នា របស់អ្នកជំនាញទាំងឡាយដែរ ដូច្នេះ របាយការណ៍នេះមិនអាចលុបបំបាត់ការចោទជាមន្ទិលសង្ស័យ និងព្រួយបារម្ភរបស់ភាគីនានានោះឡើយ ។

ពេលថ្មីៗកន្លងទៅនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែង នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានថា ភាគីជប៉ុនមិនបានពិគ្រោះពិភាក្សាយ៉ាងពេញលេញ ជាមួយសហគមន៍អន្តរជាតិ ជាពិសេសគឺភាគីពាក់ព័ន្ធនឹងផលប្រយោជន៍នោះឡើយ ។ ពិតមែនតែដោយសាររងកម្លាំងសង្កត់ទាំងក្នុងនិងក្រៅប្រទេស ភាគីជប៉ុនសុំឱ្យអង្គការថាមពលបរិមាណូអន្តរជាតិ ធ្វើការត្រួតពិនិត្យនិងវាយតម្លៃក៏ដោយ ក៏ប៉ុន្តែការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រជាលទ្ធផលដែលភាគីជប៉ុនបានកំណត់រួចហើយ ការអញ្ជើញអង្គការថាមពលបរមាណូអន្តរជាតិ មកធ្វើការវាយតម្លៃគ្រាន់តែ “ធ្វើពុត” តែប៉ុណ្ណោះ ។

ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវប្រឆាំងយ៉ាងខ្លាំងក្នុងស្រុកជប៉ុនផងដែរ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រជាជនជប៉ុនជិត១រយនាក់បានរៀបចំមីទ្ទីង នៅចំពោះមុខទីចាត់ការទូទៅនៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ របស់ជប៉ុនដែលជាប្រតិបត្តិករអាជីវកម្មនៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ដើម្បីតវ៉ាចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ ។

ដើម្បីបង្ការកុំឱ្យចំណីអាហារជប៉ុនដែលរងការបំពុល ពីសារធាតុវិទ្យុសកម្មនាំចេញទៅកាន់ប្រទេសចិន គយចិនហាមឃាត់ការនាំចូលចំណីអាហារ នៃខេត្តនិងក្រុងចំនួន១០របស់ជប៉ុនដូចជាក្រុង Fukushima ជាដើម ធ្វើការពិនិត្យផ្ទៀងផ្ទាត់យ៉ាងតឹងរ៉ឹងចំពោះឯកសារបញ្ជាក់នៃចំណីអាហារ មកពីតំបន់ផ្សេងទៀតរបស់ជប៉ុន ជាពិសេសគឺជលផល (បូករួមទាំងសត្វក្នុងទឹកសម្រាប់បរិភោគ) បង្កើនការត្រួតពិនិត្យនិងគ្រប់គ្រង អនុវត្តយ៉ាងតឹងរ៉ឹងនូវការត្រួតពិនិត្យ១០០ភាគរយ ក៏ដូចជាបន្តបង្កើនកម្លាំងតាមដានត្រួតពិនិត្យនិងធ្វើតេស្តចំពោះសារធាតុវិទ្យុសកម្ម ។

ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ មិនមែនជាមធ្យោបាយចាត់ចែង ដែលមានសុវត្ថិភាពបំផុតនិងមានភាពល្អប្រសើរបំផុតជាដាច់ខាត ។ ជម្រើសរបស់ភាគីជប៉ុនគឺគិតពិចារណាពី ទុនចំណាយខាងសេដ្ឋកិច្ចទាំងស្រុង ។ ភពផែនដីជាទីលំនៅរួមដែលមនុស្សជាតិទាំងមូលពឹងអាស្រ័យ ហើយមហាសមុទ្រជាទ្រព្យសម្បត្តិរួមរបស់ពិភពលោក ។ ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ របស់ជប៉ុនមានផលប៉ះពាល់យ៉ាងច្បាស់លាស់ ក្នុងរយៈពេលដ៏យូរអង្វែង ដូច្នេះ គួរតែស្វែងរកវិធីចាត់ចែងដ៏សមរម្យផ្សេងទៀត ។ ប្រសិនបើភាគីជប៉ុនមានភាពអាត្មានិយមនិងគ្មានចិត្តធម៌ ហើយធ្វើតាមតែទំនើងចិត្ត នោះ មុខជានឹងរងការថ្កោលទោសរួមពីមនុស្សជាតិទាំងមូលជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន