(ប៉េកាំង)៖ “នេះជាគំរូដែលអាចយោងបាន។” កាលពីថ្ងៃទី១៣ ខែកក្កដា ខណៈពេលអញ្ជើញចុះទៅទស្សនាភូមិវប្បធម៌តែ Huanglongxian នៃខេត្ត Jiangsu លោក Manasseh Sogavare នាយករដ្ឋមន្ត្រីប្រទេសប្រជុំកោះសាឡូម៉ូនបានឮថា តំបន់នេះពឹងផ្អែកទៅលើទឹកភ្នំនិងប្រភពធនធានចំការតែ នាំឱ្យភូមិក្រីក្រកាលពីមុនក្លាយទៅជាភូមិដ៏ស្រស់ស្អាតរបស់ចិន លោកបានបញ្ចេញឧទានដូចពោលខាងលើនេះ ។ ចំណតបន្ទាប់ក្នុងដំណើរទស្សនកិច្ច នៅប្រទេសចិនរបស់លោកគឺខេត្ត Guangdong ។ អាណិកជនចិននៃប្រជុំកោះសាឡូម៉ូនភាគច្រើនគឺមកពីក្រុង Jiangmen ខេត្ត Guangdong ។

ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះរបស់លោក Manasseh Sogavare នាយករដ្ឋមន្ត្រីប្រទេសប្រជុំកោះសាឡូម៉ូន គឺជាលើកទីពីរដែលលោកអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីចិននិងប្រទេសប្រជុំកោះសាឡូម៉ូន បង្កើតទំនាក់ទំនងផ្លូវទូតកាលពីឆ្នាំ២០១៩ ។ ក្នុងអំឡុងពេលដែលលោកបំពេញទស្សនកិច្ចនៅប្រទេសចិន ចិននិងប្រជុំកោះសាឡូម៉ូន បានបង្កើតជាផ្លូវការនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលគោរពគ្នាទៅមិញទៅមកនិងអភិវឌ្ឍន៍ជាមួយគ្នា ក្នុងយុគសម័យថ្មី ។ ស្ថានទូតប្រជុំកោះសាឡូម៉ូនប្រចាំនៅចិន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ លោក Manasseh Sogavare បានថ្លែងថា ប្រជុំកោះសាឡូម៉ូននឹងអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយប្រទេសចិនយ៉ាងមុតមាំមិនងាករេ ។ អាកប្បកិរិយា “យ៉ាងមុតមាំមិនងាករេ” បែបនេះគឺដោយមកពីអ្វីដែលបានមើលឃើញនិងដឹងឮរបស់លោក ។

នៅរយៈពេលពីរថ្ងៃមុនចេញដំណើរ លោក Manasseh Sogavare បានថ្លែងសុន្ទរកថានៅទិវារំលឹកខួបទី៤៥ នៃការដែលប្រជុំកោះសាឡូម៉ូនបម្រះ ខ្លួនចេញពីការត្រួតត្រារបស់អង់គ្លេសនិងទទួលឯករាជ្យភាពថា នឹងតម្កល់ទុកការអភិវឌ្ឍប្រទេសជាតិ ជាកិច្ចការអាទិភាព ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន បញ្ហាអភិវឌ្ឍន៍បានក្លាយជាបញ្ហាដែលលោក យកចិត្តទុកដាក់ខ្លាំងបំផុត ។

ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទីមួយនៃវេទិកាស្តីពីការចែករំលែក ប្រតិបត្តិការអភិវឌ្ឍន៍ជាសកលដែលបើកធ្វើនៅក្រុងប៉េកាំង លោក Manasseh Sogavare បានថ្លែងថា បើចង់លុបបំបាត់ភាពក្រីក្រ គឺត្រូវបង្កើនសមត្ថភាពសេដ្ឋកិច្ចតាមរយៈហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពល្អ រីឯប្រទេសចិនគឺជាដៃគូសហប្រតិបត្តិការ ខាងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់ប្រជុំកោះសាឡូម៉ូន ។ បច្ចុប្បន្ននេះ កីឡដ្ឋានសំខាន់ដែលជាជំនួយរបស់ភាគីចិនសម្រាប់ ការប្រកួតកីឡាមហាសមុទ្រប៉ាស៊ីហ្វិកឆ្នាំ២០២៣ មានទីតាំងស្ថិតនៅក្រុង Honiara រដ្ឋធានីប្រជុំកោះសាឡូម៉ូន ដែលបានក្លាយជាសំណង់ជានីមិត្តសញ្ញាក្នុងតំបន់នោះ ។ ប្រជាជនជាច្រើនបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា “សូមថ្លែងអំណរគុណចំពោះប្រទេសចិន!”

កាលពីខែកញ្ញាឆ្នាំ២០១៩ លើមូលដ្ឋាននៃគោលការណ៍ប្រទេសចិនតែមួយ ប្រជុំកោះសាឡូម៉ូនបានបង្កើតទំនាក់ទំនងការទូត ជាផ្លូវការជាមួយប្រទេសចិន ។ ក្នុងរយៈពេលជិតបួនឆ្នាំកន្លងទៅនេះ ប្រជុំកោះសាឡូម៉ូនបានទទួលផលប្រយោជន៍ពីទំនាក់ទំនង រវាងចិននិងប្រជុំកោះសាឡូម៉ូន ដែលទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ បច្ចុប្បន្ននេះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាទីគោលដៅនាំចេញធំទីមួយរបស់ប្រជុំកោះសាឡូម៉ូន ការនាំចេញទៅកាន់ប្រទេសចិនត្រូវជា២ភាគ៣ នៃទំហំនាំចេញសរុបរបស់ប្រទេសនេះ ។

ក្នុងអំឡុងពេលលោក Manasseh Sogavare បំពេញទស្សនកិច្ចនៅប្រទេសចិន ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារទ្វេភាគី ជាច្រើនដែលពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម អាកាសចរណ៍ស៊ីវិល គយនិងឧតុនិយមជាដើម ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ ។ ពិភពលោកជាគ្រួសារដ៏ធំមួយ ប្រទេសនីមួយៗ សុទ្ធតែមានសិទ្ធិអភិវឌ្ឍន៍ ។ ឆ្នាំនេះជាខួបឆ្នាំទី១០នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ហើយប្រជុំកោះសាឡូម៉ូនក៏តាក់តែង “យុទ្ធសាស្ត្រអភិវឌ្ឍន៍ឆ្នាំ២០៣៥”ផងដែរ ។ ការបង្កើនការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រជុំកោះសាឡូម៉ូន នឹងផ្តល់ជំនួយដល់ភាគីប្រជុំកោះសាឡូម៉ូនក្នុងការសម្រេចបាន នូវការអភិវឌ្ឍនិងស្តារឡើងវិញ ក៏ដូចជាសម្រេចបាននូវសន្តិសុខនិងស្ថិរភាពយូរអង្វែង ។ លោក Manasseh Sogavare នាយករដ្ឋមន្ត្រីប្រទេសប្រជុំកោះសាឡូម៉ូនបានថ្លែងថា លោកបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះហាក់ដូចជា “ត្រឡប់ទៅផ្ទះវិញ” ។ មិត្តភក្តិដ៏ពិតប្រាកដ ក៏គួរតែប្រាស្រ័យទាក់ទងឱ្យបានច្រើន ដើម្បីមានទំនាក់ទំនងកាន់តែល្អប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន