(បែរឡាំង)៖ ប្រមុខកងទ័ពជើងគោកអាល្លឺម៉ង់ លោក អាល់ហ្វុន ម៉ៃស៍ (Alfons Mais) បានឲ្យដឹងថា ទីក្រុងបែរឡាំមានទំនុកចិត្តថា ខ្លួននឹងអាចបង្កើតកងពលធំយោធាមួយ ដែលសមត្ថភាពល្អជាងគេក្នុងចំណោមសម្ព័ន្ធមិត្ត NATO នៅអ៉ឺរ៉ុប នាឆ្នាំ២០២៥ខាងមុខ ខណៈប្រទេសនានាក្នុងតំបន់ កំពុងព្យាយាមពង្រឹងកងទ័ពរបស់ពួកគេ ក្រោយរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។
បច្ចុប្បន្ន ទីក្រុងបែរឡាំងមិនទាន់មានកងពលធំយោធាណាមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រយុទ្ធក្នុងសមរភូមិឡើយ។ កងពលធំ គឺជាអង្គភាពយោធាមួយដែលមានកងទ័ពច្រើនជាង២០,០០០នាក់។ អាល្លឺម៉ង់មានគោលដៅចង់ឱ្យកងពលធំមួយដំបូង ក្នុងចំណោមកងពលធំសរុបចំនួន៣ អាចធ្វើប្រតិបត្តិការបាននៅឆ្នាំ២០២៥ ហើយកងពលធំទីពីរ នឹងចាប់ផ្តើមដំណើរការតាមក្រោយ នៅឆ្នាំ២០២៧។ លោក ម៉ៃស៍ បានគូសបញ្ជាក់ថាក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយនៅចន្ទនេះថា «ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា យើងនឹងសម្រេចបាននូវកងពលធំមួយនៅឆ្នាំ២០២៥ ដោយដំណាក់កាលដំបូង នឹងមាន៨០% ទៅ៩០% នៃបុគ្គលិកដែលត្រូវការ ហើយផែនការនេះក៏ទទួលបានការយល់ព្រមពីណាតូផងដែរ»។
គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច កំពុងព្យាយាមកសាងនិងបំពាក់សម្ភារយោធារបស់ពួកគេឱ្យរឹងមាំខ្លាំងឡើងវិញ បន្ទាប់ពីការចំណាយពេលអស់ជាច្រើនទស្សវត្សរ៍ លើការប្រយុទ្ធក្នុងសង្រ្គាមតូចៗនៅក្នុងប្រទេសអ៉ីរ៉ាក់ ឬអាហ្វហ្កានីស្ថាន ដែលបានមើលឃើញពួកគេមិនសូវជាអើពើ ព្រមទាំងរុះរើ ហើយប្រទេសខ្លះ បោះបង់ចោលអាវុធនិងគ្រាប់រំសេវផ្សេងៗ៕