(តៃប៉ិ)៖ មេដឹកនាំរងនៃកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) នឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅខែសីហាខាងមុខ ក្នុងឱកាសដែលរូបលោកត្រូវទៅចូលរួម ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីនៃប្រទេសប៉ារ៉ាហ្កាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។
មេដឹកនាំក៏ដូចជាមេដឹកនាំរងរបស់តៃវ៉ាន់ ជាទម្លាប់គឺតែងតែឆ្លៀតចូលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក អំលុងពេលធ្វើដំណើរទៅកាន់បណ្តាប្រទេសមួយចំនួនតូច ក្នុងតំបន់អាមេរិក ដែលនៅរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិ។ គម្រោងទស្សនកិច្ចខាងលើ នឹងមានសារសំខាន់ជាងធម្មតា ដ្បិតលោក ឡៃ នឹងត្រូវប្រជែងយកតំណែងជាមេដឹកនាំតៃវ៉ាន់ថ្មី ក្នុងការបោះឆ្នោតនាខែមករា ឆ្នាំ២០២៤ បន្តពីមេដឹកនាំបច្ចុប្បន្ន គឺលោកស្រី សៃ អ៉ីងវិន។ លោកស្រី សៃ មិនអាចបន្តឈរឈ្មោះជាមេដឹកនាំទៀតឡើយ ព្រោះលោកស្រីកាន់អំណាចបានគ្រប់២អាណត្តិហើយ។
ការិយាល័យមេដឹកនាំតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ថា លោក វីលៀម ឡៃ នឹងទៅដល់ប្រទេសប៉ារ៉ាហ្កាយនៅថ្ងៃទី១៤ ខែសីហា គឺ១ថ្ងៃមុន លោក សាន់ទីអាហ្គោ ប៉េណា (Santiago Pena) ត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី នៃប្រទេសអាមេរិកឡាទីនមួយនេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា អនុរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក អាឡិចសាន់ដឺ យូយ (Alexander Yui) បានប្រាប់ថា លោក ឡៃ នឹងឆ្លៀតចូលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ប៉ុន្តែព័ត៌មានលម្អិតបន្ថែម នឹងត្រូវប្រកាសនាពេលក្រោយ។
គួរបញ្ជាក់ថា ការឆ្លៀតចូលបំពេញទស្សនកិច្ចបែបនោះ មុខជានឹងធ្វើឱ្យចិនរង្គាសចិត្តសាជាថ្មីមិនខានឡើយ ដ្បិតកាលពីខែមេសា ឆ្នាំនេះ ចិនបានធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីលោកស្រី សៃ បានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevin McCarthy) នៅឯទីក្រុងឡូសអាន់ជេលែស ពេលត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាល។ តៃវ៉ាន់ត្រូវចិនចាត់ទុកត្រឹមជាផ្នែកមួយនៃទឹកដីរបស់ខ្លួនប៉ុណ្ណោះ។
លោក ប៉េណា បានមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីសប្តាហ៍មុន ក្នុងនាមជាប្រធានាធិបតីប៉ារ៉ាហ្កាយជាប់ឆ្នោត ហើយបានជួបទាំងជាមួយលោកស្រី សៃ និងលោក ឡៃ។ ប៉ារ៉ាហ្កាយ ស្ថិតក្នុងចំណោមប្រទេសនៅសល់តែចំនួន១៣ប៉ុណ្ណោះ ដែលនៅមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ ប្រទេសដែលធ្លាប់ជាអតីតសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ បាននាំគ្នាងាកមកបង្កើតទំនាក់ទំនងការទូតផ្លូវការ ជាមួយចិនវិញជាបន្តបន្ទាប់។