(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃចន្ទនេះ បានរុះរើគណៈរដ្ឋមន្ត្រីជាលើកទី៤ អំឡុងពេលនៃអាណត្តិទីពីររបស់លោក ដោយតែងតាំងរដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មានថ្មី ព្រមទាំងមុខតំណែងមន្រ្តីជាន់ខ្ពស់ របស់រដ្ឋាភិបាលមួយចំនួនទៀត។ នេះបើយោងតាមការចេះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។
លោក ប៊ូឌី អារី សេទីអាឌី (Budi Arie Setiadi) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីទំនាក់ទំនងថ្មីជំនួសលោក ចននី ផ្លេត (Johnny Plate) ដែលឥឡូវនេះកំពុងស្ថិតនៅក្រោមការស៉ើបអង្កេតពីបទពុករលួយ។ លោក ផ្លេត គឺបុគ្គលទី ៥ នៃសមាជិកគណៈរដ្ឋមន្ត្រីរបស់ លោក ចូកូវី ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ។ ថ្លែងបន្ទាប់ពីពិធីប្រកាសតែងតាំងមុខតំណែង លោក ចូកូវី បានគូសបញ្ជាក់ថា «ការរុះរើត្រូវតែធ្វើឡើង ដើម្បីឲ្យគណៈរដ្ឋមន្ត្រី ដំណើរការកាន់តែមានប្រសិទ្ធភាព»។
លោក ចូកូវី បានបង្កើតតំណែងអនុរដ្ឋមន្ត្រីក្នុងក្រសួងទំនាក់ទំនង និងព័ត៌មាន ដោយតែងតាំងលោក ណេហ្សារ ប៉ាទ្រីយ៉ា (Nezar Patria) ដែលជាអតីតនិពន្ធយកនៃកាសែត Jakarta Post កាន់តួនាទីនេះ។ ទន្ទឹមនេះ លោក ប៉ាហាឡា នូហ្ក្រាហា ម៉ានស៊ូរី (Pahala Nugraha Mansury) ដែលពីមុនធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីទទួលបន្ទុកសហគ្រាសរដ្ឋ (SOE) ក៏ត្រូវបានតែងតាំងឲ្យក្លាយជាអនុរដ្ឋមន្ត្រីថ្មី ទទួលបន្ទុកកិច្ចការបរទេសផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៉ី ត្រូវបានកំណត់នៅខែកុម្ភៈ ឆ្នាំ ២០២៤ ហើយតាមច្បាប់ លោក ចូកូវី មិនអាចឈរឈ្មោះសម្រាប់អាណត្តិទី ៣បាននោះទេ។ ដូច្នេះមន្រ្តីថ្មីទាំងអស់នេះ នឹងត្រូវបម្រើការរហូតដល់ខែតុលា ឆ្នាំ ២០២៤ នៅពេលដែលប្រធានាធិបតីឥណ្ឌូនេស៉ីថ្មី ស្បថចូលកាន់តំណែង៕