(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hipkins) ដែលទើបតែដឹកនាំប្រតិភូពាណិជ្ជកម្មមួយ ទៅធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែមុន ហើយជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានទទូចនៅថ្ងៃចន្ទនេះ ឱ្យចិនជួយបន្ធូរបន្ថយ ភាពតានតឹងនៅក្នុងតំបន់ប៉ាស៉ីហ្វិក ដែលបច្ចុប្បន្នកាន់តែមានការប្រកួតប្រជែង និងពិបាកប៉ាន់ស្មានជាងមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងអំឡុងសន្និសីទធុរកិច្ចចិននៅទីក្រុងអូកលែន (Auckland) លោក ហ៉ីបគីន បាននិយាយដូច្នេះថា «នូវែលសេឡង់មានក្តីព្រួយបារម្ភ អំពីស្ថានភាពធ្លាក់ចុះ នៃបរិយាកាសផ្នែកយុទ្ធសាស្រ្ត និងការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ជាពិសេសនៅកន្លែងដូចជាសមុទ្រចិនខាងត្បូង ហើយនិងច្រកសមុទ្រតៃវ៉ាន់។ យើងមានផលប្រយោជន៍ដោយផ្ទាល់ នៅតាមតំបន់ទាំងនេះ ដូច្នេះពួកយើងចង់ផ្តោតជាសំខាន់ ឱ្យភាពតានតឹងអាចត្រូវគ្រប់គ្រងដោយភាពប្រុងប្រយ័ត្ន និងបន្ធូរបន្ថយ ដើម្បីជាប្រយោជន៍សម្រាប់តំបន់ប៉ាស៉ីហ្វិកទាំងមូល ហេតុនេះហើយយើងរំពឹងថាចិននឹងដើរតួនាទីរបស់ខ្លួន ដើម្បីជួយសម្រេចបានគោលដៅបែបនោះ»។ លោក ហ៉ីបគីន
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនកំពុងតែធ្វើការពង្រីកយ៉ាងឆាប់រហ័ស នូវឥទ្ធិពលផ្នែកការទូត សេដ្ឋកិច្ច និងយោធារបស់ខ្លួន នៅក្នុងតំបន់ប៉ាស៉ីហ្វិក ដែលជាហេតុត្រូវប្រឈមការប្រទាញប្រទង់ឥទ្ធិពលគ្នា ជាមួយសហរដ្ឋអាមេរិក ហើយនិងសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់។ ទីក្រុងប៉េកាំងបានបង្កើនការដាក់សម្ពាធយោធា និងការទូតលើកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាផ្នែកនៃប្រទេសចិន ហើយក៏បានធ្វើសកម្មភាពខ្លាំងជាងមុន នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទផងដែរ។ ក្នុងពេលទន្ទឹមគ្នា ចិនបាននិងកំពុងព្យាយាមពង្រីកឥទ្ធិពលទៅកាន់តំបន់ភាគខាងត្បូងប៉ាស៉ីហ្វិក ថែមទៀត៕