(គ្រីមៀ)៖ ស្ពានគ្រីមៀ ដែលជាខ្សែបណ្តាញផ្គត់ផ្គង់ដ៏សំខាន់មួយ សម្រាប់កងកងកម្លាំងរបស់រុស្ស៉ីនៅឯអ៊ុយក្រែន បានទទួលការខូចខាត នាថ្ងៃចន្ទនេះ អំឡុងអ្វីដែលមន្រ្តីរុស្ស៉ីហៅថាជា «ស្ថានការណ៍អាសន្ន» ខណៈមនុស្សពេញវ័យ២នាក់បានស្លាប់ និងក្មេងម្នាក់បានរងរបួស ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន បានរាយការណ៍ថា មានការផ្ទុះនៅលើស្ពាននោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។
ក្រុមមន្រ្តីរុស្ស៉ីបានប្រាប់ថា ការធ្វើចរាចរណ៍ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅលើស្ពាននោះ ដែលត្រូវបានរុស្ស៉ីសាងសង់ឡើង ដើម្បីតភ្ជាប់ប្រទេសរុស្ស៉ីទៅកាន់តំបន់គ្រីមៀ ជាឧបទ្វីបដែលរុស្ស៉ីបានក្រសោបយកពីអ៊ុយក្រែន ទៅធ្វើជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤។ អភិបាលនៃតំបន់គ្រីមៀ លោក សឺហ្គៃ អាក់សិននូវ (Sergei Aksyonov) បាននិយាយថា ស្ថានភាពអាសន្នបានកើតឡើងត្រង់ចំណុចសសរទី ១៤៥នៃស្ពាន ដែលតភ្ជាប់ពីគ្រីមៀ ទៅកាន់តំបន់ក្រាស្នូដារ (Krasnodar) របស់រុស្ស៉ី។ ប៉ុន្តែអភិបាលរូបនេះ ពុំបានបញ្ជាក់ព័ត៌មានលម្អិតអ្វីបន្ថែមនោះទេ។
ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន RBC បានរាយការណ៍ថា មានហេតុការណ៍ផ្ទុះបានកើតឡើងលើស្ពានគ្រីមៀ ខណៈឆាណែលតេលេក្រាមរុស្ស៉ីមួយ ដែលមានទំនាក់ទំនង ជាមួយទាហានស៊ីឈ្នួល Wagner ក៏បានរាយការណ៍ដែរថា មានការវាយប្រហារ២លើក បានកើតឡើងនៅលើស្ពានគ្រីមៀ នៅចន្លោះពីម៉ោង ៣៖៤នាទី ដល់ម៉ោង ៣៖២០នាទីទៀបភ្លឺ ថ្ងៃចន្ទនេះ។
ក្រោយមកទៀត ក្រសួងដឹកជញ្ជូនរុស្ស៉ីបាននិយាយថា មានការខូចខាតនៅលើផ្លូវរបស់ស្ពាន ដែលនៅកៀកនឹងខាងឧបទ្វីបគ្រីមៀ ប៉ុន្តែមិនមានការខូចខាតចំពោះ សសរស្ពានឡើយ។ ក្រសួងដឹកជញ្ជូនរុស្ស៉ីមិនបានបញ្ជាក់ឱ្យច្បាស់ថា ការខូចខាតនោះត្រូវបានបង្កឡើងដោយសារអ្វីទេ។ រីឯអភិបាលតំបន់បែលហ្គោរ៉ូដ (Belgorod) នៅភាគខាងត្បូងរុស្ស៉ី បានអះអាងថា ក្នុងពេលទន្ទឹមគ្នា ឪពុកម្តាយរបស់ក្មេងស្រីម្នាក់របស់បាត់បង់ជីវិត ហើយកូនស្រីរបស់ពួកគេបានរងរបួស ពេលកំពុងជិះក្នុងរថយន្តលក្ខណៈគ្រួសារ នៅលើស្ពានគ្រីមា។ យ៉ាងណាក្តី លោកមិនបានប្រាប់ថា អ្នកទាំងនោះបានស្លាប់និងរបួស ដោយសារអ្វីឡើយ។
គួរបញ្ជាក់ថា ស្ពានលក្ខណៈផ្លូវថ្នល់និងផ្លូវដែកខាងលើ ដែលមានប្រវែងជិត២០គីឡូម៉ែត្រ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមោទនភាពមួយរបស់ប្រធានាធិបតីរុស្ស៉ីលោក វ៉ា្លឌីមៀ ពូទីន។ លោក ពូទីន បានបើករថយន្ត Mercedes មួយគ្រឿងដោយផ្ទាល់ ឆ្លងកាត់ស្ពាននេះ កាលពីឆ្នាំ២០២២ បន្ទាប់ពីវាត្រូវបានជួសជុលរួចរាល់ ក្រោយហេតុការណ៍ផ្ទុះធ្ងន់ធ្ងរមួយ៕