(វ៉ាស៉ីនតោន)៖ រលកកម្ដៅខ្លាំងបានកើតឡើងនៅឯភាគខាងលិចសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដោយសីតុណ្ហភាពបានកើនឡើងដល់ ៥៣អង្សាសេលើតំបន់វាលខ្សាច់នៃរដ្ឋកាលីហ្វ័រញ៉ា ស្របពេលដែលមហន្តរាយទឹកជំនន់បន្តគំរាមកំហែងដល់ភាគឦសានប្រទេស បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។
ទីភ្នាក់ងារឧតុនិយមជាតិ បានឲ្យដឹងថា ភ្លៀងធ្លាក់នៅភាគឦសាននឹងបន្តរយៈពេលជាច្រើនថ្ងៃទៀត។ នៅតំបន់បាក់ស៍ ខោនធី (Bucks County) នៃរដ្ឋផេនស៉ីវ៉ានៀ (Pennsylvania) និងភាគខាងជើងទីក្រុង Philadelphia ភ្លៀងធ្លាក់ និងទឹកជំនន់ភ្លាមៗកាលពីចុងសប្តាហ៍បានសម្លាប់មនុស្ស ៥នាក់ ហើយ មានក្មេង ២នាក់បាត់ខ្លួន។ កម្រិតភ្លៀងធ្លាក់អាចធូរស្រាលខ្លះនៅថ្ងៃចន្ទនេះ ប៉ុន្តែទោះជាយ៉ាងណា ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគឦសាន ជាពិសេសគឺរដ្ឋធានីម៉ុនផឺលីយ៉េ(Montpelier) របស់រដ្ឋវឺម៉ុន (Vermont) តែម្តង។
ដោយឡែក ការព្រមានអំពីរលកកំដៅ កំពុងរីករាលដាលចាប់ពីតំបន់ Pacific Northwest ចុះតាមរដ្ឋកាលីហ្វ័រញ៉ា កាត់ភាគនិរតី ហើយចូលទៅជ្រៅភាគខាងត្បូង និងរដ្ឋផ្លរីដា។ គ្រាន់តែនៅក្នុងតំបន់ Death Valley នៃរដ្ឋកាលីហ្វ័រញ៉ា សីតុណ្ហភាពបានឡើងដល់ ៥៣អង្សាសេកាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា ជិត ១ភាគ ៤នៃចំនួនប្រជាជនអាមេរិក កំពុងស្ថិតក្រោមការណែនាំអំពីអាកាសធាតុក្តៅ ដោយផ្នែកដែលក្តៅខ្លាំងជាងគេគឺនៅរដ្ឋភាគខាងលិច។ អ្នកវិទ្យាសាស្ត្រនិយាយថា កត្តាប្រែប្រួលអាកាសធាតុដែលជំរុញដោយឥន្ធនៈហ្វូស៊ីល កំពុងធ្វើឲ្យអាកាសធាតុកាន់តែអាក្រក់ទៅ ដូចដែលយើងបានឃើញនៅក្នុង សហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយព្រមានថា ពិភពលោកត្រូវការកាត់បន្ថយការបញ្ចេញកាបូនយ៉ាងខ្លាំងដើម្បីទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ៕