(មូស្គូ)៖ ក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថាការធ្វើចរាចរនៅលើស្ពានគ្រីមៀសាងសង់ដោយរុស្ស៉ី ត្រូវផ្អាកជាបណ្ដោះអាសន្ន ដោយសារតែ «ស្ថានភាពអាសន្នមួយ» ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ពីហេតុការណ៍ផ្ទុះលើស្ពាននេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។

លោក សឺហ្គៃ អាកស៊ីយ៉ូនូវ (Sergei Aksyonov) ជាអភិបាលម្នាក់លើកបន្ដុបដោយរុស្ស៉ី បាននិយាយថាស្ថានភាពអាសន្នបានកើតឡើងនៅត្រង់ សរសរទី ១៤៥នៃស្ពាន ដែលតភ្ជាប់ពីតំបន់ឧបទ្វីបគ្រីមៀ ទៅកាន់តំបន់ក្រាស្នូដារ (Krasnodar)​ របស់រុស្ស៉ី។ ប៉ុន្តែ អភិបាលរូបនេះមិនបានបញ្ជាក់ព័ត៌មានលម្អិត អ្វីបន្ថែមនោះទេ។

ប៉ុន្តែ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន RBC មានហេតុការណ៍ផ្ទុះមួយបានកើតឡើងលើស្ពានគ្រីមៀ។ តំបន់គ្រីមៀ ត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែន ក្នុងឆ្នាំ២០១៤ តែអន្តរជាតិនៅតែទទួលស្គាល់ថាឧបទ្វីបនេះជាកម្មសិទ្ធិរបស់អ៊ុយក្រែន។ បន្ថែមពីលើនេះ ឆាណែល Telegram​ រុស្ស៉ីមួយមានឈ្មោះ Grey Zone ដែលមានទំនាក់ទំនងជាមួយទាហានស៊ីឈ្នួល Wagner ក៏បានរាយការណ៍ដែរថាមានការវាយប្រហារ២លើក បានកើតឡើងនៅលើស្ពានគ្រីមៀ នៅចន្លោះពីម៉ោង ៣៖៤នាទី ដល់ម៉ោង ៣៖២០នាទីទៀបភ្លឺ ថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា ភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថាតើមានអ្វីកើតឡើងឱ្យបា្រកដនោះទេ ហើយគេក៏មិនទាន់ច្បាស់នោះដែរថាតើហេតុការណ៍នេះនឹង មានន័យយ៉ាងណា ចំពោះកិច្ចព្រមព្រៀងក្រោមការសម្របសម្រួលដោយអង្គការសហប្រជាតិក ជុំវិញការអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ ពីតំបន់ សមុទ្រខ្មៅ ស្របពេលកិច្ចព្រមព្រៀងនេះនឹងត្រូវអស់សុពលភាពនៅត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ៕