(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នៅតែមានការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹង បន្តបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM សាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។

លោក Jake Sullivan ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face the Nation នៃស្ថានីយទូរទស្សន៍អាមេរិក CBS កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅ។ លោក Sullivan បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំធ្លាប់បានបង្ហាញពីការព្រួយបារម្ភកន្លងមកហើយថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដនូវអ្វីដែលអាចនឹងក្លាយជាធ្វើតេស្ដ អាវុធនុយក្លេអ៊ែរជាលើកទី៧ របស់ពួកគេ»។ លោកបន្ថែមងថា «ខ្ញុំមើលមិនឃើញពីសញ្ញាណាមួយថាវាអាចនឹងកើតឡើងភ្លាមៗនោះទេ ប៉ុន្តែវានឹងមិនមានអ្វីត្រូវភ្ញាក់ផ្អើលទេ បើកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលសាជាថ្មី ពាក់ព័ន្ធនឹងសមត្ថភាពមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ជំនាន់ថ្មីបំផុតរបស់ខ្លួន គឺ​ Hwasong-18 ចេញពីឆ្នេរ​ភាគខាងកើត ក្នុងសកម្មភាពដែលទីក្រុងព្យុងយ៉ាងអះអាងថា គឺជាសារព្រមានជាក់ស្តែងដ៏រឹងមាំមួយ ចំពោះគូសត្រូវទាំងឡាយ។ ការបាញ់សាកល្បង ICBM របស់កូរ៉េខាងជើង ត្រូវបាន ថ្កោលទោសដោយអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ប៉ុន្តែទីក្រុងព្យុងយ៉ាង បានច្រានចោលការថ្កោលទោសនោះ ជាមួយហេតុផលថា វាគឺជាការអនុវត្តសិទ្ធិស្វ័យការពាររបស់ខ្លួន៕