(កៀវ)៖ អ៊ុយក្រែន បានអះអាងថាការវាយប្រហារយុទ្ធគ្នាបានកើនឡើងយ៉ាងខ្លាំង នៅក្នុងតំបន់ភាគខាងកើតនៃប្រទេស ខណៈប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បោះសម្ដីថាប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ បានទទួលបរាជ័យតាំងតែពីចាប់ផ្ដើមមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។

មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថាកងកម្លាំងរុស្ស៉ី និងអ៊ុយក្រែន បាននិងកំពុងវាយប្រហារយុទ្ធគ្នាយ៉ាង សាហាវ នៅទីតាំងចំនួន៣នៅសមរភូមិភាគខាងកើត។ នៅក្នុងសារមួយបង្ហោះលើ​ Telegram អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar ក៏បានបញ្ជាក់ដែរថា កងកម្លាំងរុស្ស៉ីកំពុងបើកការវាយប្រហារដោយមានទិសដៅលើទីក្រុង គូព្យាន់ស្កិ៍ (Kupiansk) នៃតំបន់ខាកៀវ (Kharkiv) អស់រយៈពេល ២ថ្ងៃជាប់ៗគ្នាមកហើយ។ បើតាម លោកស្រី Maliar កងកម្លាំងរុស្ស៉ី និងអ៊ុយក្រែនកំពុងវាយប្រហារយុទ្ធគ្នាយ៉ាងខ្លាំងនៅជុំវិញទីក្រុងបាកមូត តែថាកងកម្លាំងអ៊ុយក្រែនបាន និងកំពុងវាយរុលទៅមុខសន្សឹមៗ នៅក្នុងតំបន់ភាគខាងត្បូង។

យ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៉ី លោក ពូទីន បាននិយាយថាប្រតិបត្តិការវាយបកអ៊ុយក្រែន បានទទួលបរាជ័យ។ លោក ពូទីន បានគូសបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ទូរទស្សន៍ Rossiya ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យដូច្នេះថា «ការប៉ុនប៉នទាំងអស់របស់សត្រូវ ដើម្បីទម្លុះខ្សែការពាររបស់យើង... ពួកគេបានទទួលបរាជ័យ ចាប់តាំងពីការវាយលុកចាប់ផ្ដើមមកម្ល៉េះ។ សត្រូវមិនបានទទួលជោគជ័យនោះឡើយ»

គួរបញ្ជាក់ថា អ៊ុយក្រែន កន្លងមកក៏បានទទួលស្គាល់ដែរថាប្រតិបត្តិការវាយបករបស់ខ្លួនមានភាពយឺតយ៉ាវ ជាងការរំពឹងជាមួយការអំពាវនាវឱ្យសហរដ្ឋអាមេរិក និងបណ្ដា ប្រទេសលោកខាងលិច ផ្ដល់អាវុធបាញ់រយៈចម្ងាយ និងកាំភ្លើងធំបន្ថែមមកឱ្យកងកម្លាំងអ៊ុយក្រែន៕