(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃអាទិត្យនេះថា លោកស្រី «ចង់ធ្វើការ» ជាមួយប្រទេសចិនលើវិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមទាំងការរៀបចំរចនាសម្ព័ន្ធបំណុលសម្រាប់ប្រទេសក្រីក្រ ហើយថាធនាគារអភិវឌ្ឍន៍ពហុភាគី ត្រូវការកំណែទម្រង់ មុននឹងពិចារណាលើការបង្កើនដើមទុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាដែលរៀបចំ សម្រាប់សន្និសីទសារព័ត៌មានមួយមុនកិច្ចប្រជុំ នៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងធនាគារកណ្តាល នៅក្នុងប្រទេសឥណ្ឌា លោកស្រី Yellen បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន បានជួយធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនឈរនៅលើ «ជំហររឹងមាំ» ហើយថាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរមាន ការប្តេជ្ញាចិត្តក្នុងការសហការគ្នា ក្នុងវិស័យដែលមានការព្រួយបារម្ភរួម។

លោកស្រី Yellen បានថ្លែងដូច្នេះថា «នៅមានការងារជាច្រើនដែលត្រូវធ្វើ។ ប៉ុន្តែខ្ញុំជឿថាដំណើរទស្សនកិច្ចនេះគឺជាការចាប់ផ្តើមដ៏សំខាន់មួយ។ ខ្ញុំ​មាន​ចិត្ត​ចង់​កៀងគរ​សកម្មភាព​បន្ថែម​ទៀត​ ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ​ដែល​យើង​បាន​ដាក់​នៅ​ទីក្រុង​ប៉េកាំង»