(វ៉ាស៊ីនតោន)៖ យោងតាមទីភ្នាក់ងារតាមដានភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារឧបទ្វីបអាឡាស្កា កាលពីព្រឹកថ្ងៃអាទិត្យនេះ ហើយការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានចេញ សម្រាប់តំបន់ក្បែរនោះ ប៉ុន្តែក្រោយមកត្រូវបានដកចេញវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
USGS បានគូសបញ្ជាក់ថា ការរញ្ជួយដីមានជម្រៅ ៩.៣គីឡូម៉ែត។ ទោះជាយ៉ាងណា មិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសនោះទេ បើទោះបីជាគណនី Twitter មួយចំនួនបានបង្ហោះវីដេអូថា មានការព្រមាននៃរលកយក្សស៊ូណាមិ និងការញ័រខ្លាំងក៏ដោយ៕