(ប៉េកាំង)៖ នៅថ្ងៃអាទិត្យនេះ នាវាចម្បាំងចិនមួយក្រុម បានចាកចេញពីប្រទេសចិន ដើម្បីទៅចូលរួមជាមួយកងកម្លាំងជើងទឹក និងអាកាសរបស់រុស្ស៉ី នៅឯតំបន់សមុទ្រជប៉ុន សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលមានគោលដៅរក្សាការពារសន្តិសុខ នៅតាមតំបន់ផ្លូវទឹកយុទ្ធសាស្រ្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងការពារជាតិចិន បានបន្ថែមថា ក្រុមនាវាចម្បាំងចិនខាងលើ ដែលរួមមាននាវាចម្បាំង៥គ្រឿង ហើយនិងឧទ្ធម្ភាគចក្រ៤គ្រឿង ដែលជាប្រភេទធ្វើប្រតិបត្តិការចេញពីនាវា បានចាកចេញពីកំពង់ផែនៃទីក្រុងឆេងតាវ (Qingdao) ភាគខាងកើតប្រទេស ហើយនឹងទៅជួបជាមួយ​កងកម្លាំងរបស់រុស្ស៉ី នៅទីតាំងមួយដែលបានកំណត់ទុក។ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រសួងការពារជាតិចិន បានប្រាប់ថា កងកម្លាំងជើងទឹកនិង​អាកាសរបស់រុស្ស៉ី នឹងចូលរួមក្នុងសមយុទ្ធយោធា ដែលត្រូវធ្វើឡើងនៅតំបន់សមុទ្រជប៉ុន។

ដោយមានឈ្មោះសម្គាល់ថា Northern/Interaction-2023 សមយុទ្ធយោធារួមខាងលើ គូសបញ្ជាក់ឱ្យឃើញការកើនឡើង នៃកិច្ចសហប្រតិបត្តិការយោធារវាងចិននិងរុស្ស៉ី គិតចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ហើយវាប្រព្រឹត្តទៅស្របពេលដែល​ទីក្រុងប៉េកាំងបន្តបដិសេធចំពោះ ការអំពាវនាវឱ្យមានកិច្ចសន្ទនាយោធាកម្រិតខ្ពស់ឡើងវិញ ពីសំណាក់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ចិននិងរុស្ស៉ីបានប្រកាសពីភាពជាដៃគូ​គ្មានដែនកំណត់រវាងប្រទេសទាំងពីរ ដោយចំណុចគួរឱ្យកត់សម្គាល់មួយនៃភាពជាដៃគូនោះ គឺកិច្ចសហប្រតិបត្តិការយោធា។ នៅពេលដែល​រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) បានជួបប្រមុខកងទ័ពជើងទឹករុស្ស៉ី នៅទីក្រុងប៉េកាំង ក្នុងខែកក្កដានេះ ភាគីទាំងពីរ​បានសង្កត់ធ្ងន់អំពីការប្តេជ្ញាពង្រឹងឱ្យខ្លាំងថែមទៀត នូវចំណងទាក់ទងផ្នែកយោធា។ ក្នុងខែដដែលនេះ នាវាចម្បាំងរុស្ស៉ី២គ្រឿង ក៏ទើបតែបាន​មកធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃផងដែរ៕