(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីមានគ្រាប់បែកចង្កោមក្នុងចំនួនគ្រប់គ្រាន់ ហើយលោកបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមានសិទ្ធិប្រើប្រាស់ពួកវា ប្រសិនបើប្រភេទអាវុធនេះ ត្រូវបានប្រើប្រាស់ប្រឆាំងមកលើកងកម្លាំងរុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍រដ្ឋរុស្ស៉ី ដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះ លោកប្រធានាធីបតីរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «រុស្ស៉ីមានក្នុងចំនួនគ្រប់គ្រាន់ នូវគ្រាប់បែកចង្កោមជាច្រើនប្រភេទ។ ប្រសិនបើពួកវាត្រូវបានប្រើប្រាស់ប្រឆាំងមកលើយើង នោះពួកយើងមានសិទ្ធិ ក្នុងការធ្វើសកម្មភាពសងសឹកឱ្យសមស្របទៅវិញ»។
លោក ពូទីន បានអះអាងថា រុស្ស៉ីមិនទាន់បានប្រើប្រាស់គ្រាប់បែកចង្កោមនៅអ៊ុយក្រែន នៅឡើយទេ។ យ៉ាងណាមិញ អង្គការ Human Rights Watch បានចោទប្រកាន់ថា ទាំងអ៊ុយក្រែននិងរុស្ស៉ីគឺធ្លាប់បានប្រើប្រាស់អាវុធប្រភេទនេះដូចគ្នា រួចទៅហើយលើសមរភូមិ។ នៅក្នុងសប្តាហ៍នេះ អ៊ុយក្រែនបាននិយាយថា ខ្លួនចាប់ផ្តើមទទួលបានគ្រាប់បែកចង្កោមហើយពីសហរដ្ឋអាមេរិក និងបានសន្យាប្រើប្រាស់ពួកវា តែទៅលើទីតាំងដែលមានកងកម្លាំងសត្រូវប្រមូលផ្តុំច្រើនប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមអង្គការមនុស្សធម៌បានចេញមុខថ្កោលទោសធ្ងន់ៗ ចំពោះសហរដ្ឋអាមេរិក ដែលសម្រេចចិត្តផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ខណៈប្រភេទអាវុធដ៏ចម្រូងចម្រាសនេះ ត្រូវបានហាមឃាត់ដោយប្រទេសចំនួន១១១ ដែលជាភាគីក្នុងអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម។ សហរដ្ឋអាមេរិក រុស្ស៉ី និងអ៊ុយក្រែន មិនមែនជាភាគីនៃអនុសញ្ញានេះឡើយ៕