(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា នៅថ្ងៃអាទិត្យនេះ បេសកជនទទួលបន្ទុកកិច្ចការអាកាសធាតុរបស់សហរដ្ឋអាមេរិក គឺលោក ចន ខឺរី (John Kerry) បានធ្វើដំណើរទៅដល់ប្រទេសចិន ដើម្បីចាប់ផ្តើមឡើងវិញនូវការពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការលើបញ្ហាអាកាសធាតុ ដែលបានជាប់គាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ដែលបានរាយការណ៍ពីការទៅដល់ទីក្រុងប៉េកាំងរបស់លោក Kerry បានបន្ថែមថា ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ ចិននិងសហរដ្ឋអាមេរិក នឹងធ្វើការដោះដូរទស្សនៈយ៉ាងស៉ីជម្រៅជាមួយគ្នា ជុំវិញបញ្ហាអាកាសធាតុ។ ចិននិងសហរដ្ឋអាមេរិក គឺជាប្រទេសកំពូលទាំង២ ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ កិច្ចពិភាក្សាអាកាសធាតុទ្វេភាគី បានជាប់គាំងកាលពីឆ្នាំមុន ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) ដែលកាលនោះជាប្រធានសភាតំណាងរាស្រ្តអាមេរិក ទៅកាន់កោះតៃវ៉ាន់ ដែលបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង ដ្បិតប៉េកាំងចាត់ទុកតៃវ៉ាន់ ជាដែនដីនៃប្រទេសចិន។
គួរបញ្ជាក់ថា ទស្សនកិច្ចខាងលើរបស់លោក Kerry គឺជាជើងទី៣ហើយសម្រាប់លោក ក្នុងនាមជាបេសកជនទទួលបន្ទុកកិច្ចការអាកាសធាតុ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ហើយវាកើតឡើងបន្ទាប់ពីទស្សនកិច្ចជាន់ខ្ពស់២ផ្សេងទៀត គឺដោយរដ្ឋមន្រ្តីការបរទេសអាមេរិក និងដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក កាលពីពេលកន្លងទៅនេះ ដែលមានគោលដៅជួយស្តារស្ថិរភាពទំនាក់ទំនងអាមេរិក-ចិន៕