(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយនៅថ្ងៃអាទិត្យនេះថា កងកម្លាំងរុស្ស៉ីរារាំងបានសម្រេចចំពោះ ការវាយប្រហាររបស់អ៊ុយក្រែនសំដៅមកលើ ទីក្រុងកំពង់ផែ សេវ៉ាស្តូប៉ូល (Sevastopol) ដែលនៅជាប់សមុទ្រខ្មៅ ក្រោយកម្ទេចដ្រូនជាប្រភេទយន្តហោះចំនួន៧គ្រឿង និងដ្រូនរត់ក្រោមទឹកចំនួន ២គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «នាព្រឹកថ្ងៃអាទិត្យនេះ ការប៉ុនប៉ងរបស់ទីក្រុងកៀវ ក្នុងការវាយប្រហារដោយ​ប្រើប្រាស់ដ្រូនប្រភេទយន្តហោះចំនួន៧គ្រឿង និងដ្រូនប្រភេទរត់ក្រោមទឹកចំនួន២គ្រឿង សំដៅមកលើគោលដៅនៅក្នុងទឹកដីនៃឧបទ្វីបគ្រីមៀក្បែរទីក្រុង Sevastopol គឺត្រូវទប់ស្កាត់បានដោយជោគជ័យ»។ ក្រសួងការពារជាតិរុស្ស៉ី ពុំបានរាយការណ៍ថា មានមនុស្សរងគ្រោះថ្នាក់ ឬការខូចខាតអ្វីនោះឡើយ។

គួរបញ្ជាក់ថា ឧបទ្វីបគ្រីមៀត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែន ទៅធ្វើជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤ ទោះបីជាមិនមានការទទួលស្គាល់ជា​អន្តរជាតិក៏ដោយ។ កន្លងមក អ៊ុយក្រែនសឹងមិនធ្លាប់ចេញមុខទទួលស្គាល់ ជាសាធារណៈទាល់តែសោះ ចំពោះការវាយប្រហារដែលកើតមាន​ជាបន្តបន្ទាប់ នៅក្នុងទឹកដីនៃប្រទេសរុស្ស៉ីផ្ទាល់ ឬនៅក្នុងទឹកដីកាន់កាប់ដោយរុស្ស៉ីនៅអ៊ុយក្រែន ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ ទីក្រុងកៀវបានលើកឡើងថា ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់រុស្ស៉ី អាចជួយដល់ប្រតិបត្តិការវាយបករបស់ខ្លួន ដែលកំពុងតែបន្តប្រព្រឹត្តទៅ៕