(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានរួមគ្នាធ្វើសមយុទ្ធការពារមីស៉ីលតាមដែនសមុទ្រ ដើម្បីទប់ទល់ចំពោះ​ការគំរាមកំហែងមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលកាន់តែវិវត្តខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។

កងទ័ពជើងទឹកកូរ៉េខាងត្បូង បានឱ្យដឹងថា សមយុទ្ធត្រីភាគីខាងលើត្រូវបានធ្វើឡើង នៅក្នុងដែនទឹកអន្តរជាតិចន្លោះប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ក្រោមការចូលរួមពីនាវាចម្បាំងប្រភេទ destroyer ដែលមានបំពាក់ប្រព័ន្ធរ៉ាដា Aegis សម្រាប់ប្រឆាំងមីស៉ីលបាលិស្ទីគ មកពីប្រទេសទាំង៣។ ទីក្រុងវ៉ាស៉ីនតោន ហើយនិងសម្ព័ន្ធមិត្តអាស៉ីទាំង២របស់ខ្លួន បាននិងកំពុងព្យាយាមធ្វើឱ្យប្រសើរឡើង នូវការចែករំលែកព័ត៌មានស្តីពីមីស៉ីលរបស់​កូរ៉េខាងជើង។

កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ជំនាន់ថ្មីបំផុតរបស់ខ្លួន គឺ​ Hwasong-18 ចេញពីឆ្នេរ​ភាគខាងកើត ក្នុងសកម្មភាពដែលទីក្រុងព្យុងយ៉ាងអះអាងថា គឺជាសារព្រមានជាក់ស្តែងដ៏រឹងមាំមួយ ចំពោះគូសត្រូវទាំងឡាយ។ ការបាញ់សាកល្បង ICBM របស់កូរ៉េខាងជើង ត្រូវបានថ្កោលទោសដោយអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ប៉ុន្តែទីក្រុងព្យុងយ៉ាង បានច្រានចោលការថ្កោលទោសនោះ ជាមួយហេតុផលថា វាគឺជាការអនុវត្តសិទ្ធិស្វ័យការពាររបស់ខ្លួន។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៉ីល Hwasong-18 ដូចខាងលើ បន្ទាប់ពីមួយរយៈចុងក្រោយនេះ បានចោទប្រកាន់អាមេរិកអំពី ការបញ្ជូនយន្តហោះឈ្លបការណ៍ ឱ្យមកហោះពីលើតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ព្រមទាំងថ្កោលទោសការបំពេញទស្សនកិច្ចថ្មីៗនេះ នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ១គ្រឿងរបស់អាមេរិក នៅប្រទេសកូរ៉េខាងត្បូង ហើយទីក្រុងព្យុងយ៉ាងបានប្តេជ្ញាថា នឹងចាត់វិធានការដើម្បី​ឆ្លើយតប៕