(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរកូរ៉េខាងត្បូង យកបានសាកសពមនុស្សចំនួន៦នាក់ទៀត ដែលជាប់ក្នុងផ្លូវរូងក្រោមដីមួយកន្លែង បន្ទាប់ពីវារងការជន់លិចដោយសារជំនន់ទឹកភ្លៀង ខណៈប្រការនេះនាំឱ្យចំនួនមនុស្សស្លាប់សរុប អំលុងការធ្លាក់ភ្លៀងខ្លាំងជាច្រើនថ្ងៃជាប់គ្នា នៅភាគកណ្តាលប្រទេសកូរ៉េខាងត្បូង កើនដល់៣៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។
លោក សូ ចឹងអ៉ីល (Seo Jeong-il) ប្រធានស្ថានីយពន្លត់អគ្គិភ័យប្រចាំតំបន់ភាគខាងលិចទីក្រុងឆឹងជូ (Cheongju) បាននិយាយថា យានជំនិះប្រហែល១៥គ្រឿង រួមមានរថយន្តក្រុងមួយគ្រឿងផងដែរ ទំនងជាបានជាប់នៅក្នុងផ្លូវរូងក្រោមដីដែលជន់លិច។ លោក សូ បានសង្កត់ធ្ងន់បន្ថែមថា ប្រតិបត្តិការជួយសង្រ្គោះកំពុងតែបន្តយ៉ាងសកម្ម ព្រោះវាអាចនៅមានជនរងគ្រោះដទៃទៀត ខណៈគិតមកទល់ឥឡូវ សាកសពដែលយកចេញបាន ពីក្នុងនោះគឺសរុប៧នាក់។
ចំណែកក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បានឱ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃអាទិត្យនេះ មនុស្ស១០នាក់កំពុងបន្តបាត់ខ្លួន ដែលភាគច្រើនអាចកប់នៅក្រោមគ្រោះរអិលបាក់ដី ឬក៏ធ្លាក់ទៅក្នុងអាងស្តុកទឹកដែលជន់លិច ខណៈតួលេខនេះមិនរាប់បញ្ចូល អ្នកដែលអាចជាប់ក្នុងផ្លូវរូងក្រោមដីឡើយ ដ្បិតចំនួនមនុស្សដែលជាប់នៅទីនោះ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់ទេ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ដែលពេលនេះកំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅឯក្រៅប្រទេស បានដាក់បញ្ជាឱ្យនាយករដ្ឋមន្រ្តី លោក ហាន ឌុកស៊ូ (Han Duck Soo) ចល័តធនធានដែលមានទាំងប៉ុន្មាន ដើម្បីកាត់បន្ថយចំនួនជនរងគ្រោះ ឱ្យស្ថិតក្នុងកម្រិតទាបតាមតែអាចធ្វើទៅបាន ស្របពេលដែលភ្លៀងត្រូវគេរំពឹងថានឹងបន្តធ្លាក់៕