(កៀវ)៖ ក្រុមមន្រ្តីរបស់អ៊ុយក្រែននិងប៉ូឡូញ បានឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា សមាជិកនៃក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានទៅដល់ប្រទេសបេឡារុសហើយក្រោយចាកចេញពីរុស្ស៉ី ពោលគឺមួយថ្ងៃបន្ទាប់ពីទីក្រុងមីនស្កិ៍បាននិយាយថា ក្រុម Wagner កំពុងផ្តល់ការបណ្តុះបណ្តាលដល់ទាហានរបស់ខ្លួន នៅលើទឹកដីបេឡារុស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។
លោក អាន់ដ្រេ ដេមឆិនកូ (Andriy Demchenko) អ្នកនាំពាក្យទីភ្នាក់ងារកិច្ចការព្រំដែនរបស់អ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ តាមរយៈបណ្តាញ Twitter យ៉ាងដូច្នេះថា «ក្រុម Wagner គឺកំពុងស្ថិតក្នុងប្រទេសបេឡារុស»។ រីឯខាងមន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខប៉ូឡូញវិញ ក៏បានទទួលស្គាល់ពីវត្តមានរបស់សមាជិកក្រុម Wagner នៅលើទឹកដីបេឡារុសផងដែរ ហើយអះអាងថា ពួកគេអាចមានចំនួនប្រហែលខ្ទង់រយនាក់។ ក្នុងខែកក្កដានេះ ប៉ូឡូញធ្លាប់បានប្រកាសថា ខ្លួនកំពុងព្យាយាមពង្រឹងសន្តិសុខនៅតាមព្រំប្រទល់ជាមួយបេឡារុស ដើម្បីបង្ការការគំរាមកំហែងផ្សេងៗ ដែលអាចកើតឡើង រួមមានទាំងវត្តមានរបស់ក្រុម Wagner។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការពារជាតិបេឡារុស បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីសកម្មភាពនូវអ្វីដែលខ្លួនអះអាងថា គឺជាសមាជិក Wagner ធ្វើការណែនាំដល់ទាហានបេឡារុស នៅទីលានហ្វឹកហ្វឺនយោធាមួយកន្លែង ក្បែរទីក្រុងអូស៉ីប៉ូវិជី (Osipovichi)។ ការផ្លាស់ទីរបស់ក្រុម Wagner ទៅកាន់បេឡារុស គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដែលបានបញ្ឈប់សកម្មភាពបះបោររយៈពេលខ្លីរបស់ក្រុមទាហានស៉ីឈ្នួលនេះ កាលពីខែមិថុនាកន្លងទៅ។ រីឯថៅកែរបស់ Wagner គឺលោក Yevgeny Prigozhin គឺពុំទាន់ត្រូវបានគេប្រទះឃើញជាសាធារណៈឡើយ ចាប់តាំងពីលោកបានចាកចេញពីទីក្រុង Rostov នៅភាគខាងត្បូងប្រទេសរុស្ស៉ី ក្រោយបោះបង់ការបះបោរ កាលពីថ្ងៃទី២៤ ខែមិថុនា៕