(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សចំនួន៤នាក់ ទើបតែបានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារមួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) នៅឯរដ្ឋ Georgia របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង នៅតំបន់ Dogwood Lakes នៃទីក្រុង Hampton មានចម្ងាយប្រហែល៤៥គីឡូម៉ែត្រពីទីក្រុង Atlanta ដែលជារដ្ឋធានីរបស់រដ្ឋ Georgia។ ស្នងការប៉ូលិសនៃទីក្រុង Hampton បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនរងគ្រោះដែលបានបាត់បង់ជីវិត រួមមានបុរស៣នាក់ និងស្រ្តីម្នាក់ ហើយក្រុមអ្នកជំនាញស៉ើបអង្កេតរបស់ប៉ូលិស កំពុងពិនិត្យមើលកន្លែងប្រព្រឹត្តបទល្មើសយ៉ាងហោច៤ទីតាំង។ ទន្ទឹមគ្នានេះ ប៉ូលិសអាមេរិកកំពុងស្វែងរកជនសង្ស័យម្នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ ​Andre Longmore អាយុ៤១ឆ្នាំ ជាអ្នករស់នៅក្នុងតំបន់ ហើយជនសង្ស័យរូបនោះ ត្រូវប៉ូលិសជឿថា បានរត់គេចខ្លួនដោយជិះរថយន្តស៊េរី GMC Acadia ឆ្នាំ២០១៧ ពណ៌ខ្មៅ និងមានកាំភ្លើងខ្លីខ្មៅមួយដើមនៅជាប់ខ្លួន។

គួរបញ្ជាក់ថា យោងតាមអង្គការ Gun Violence Archive ក្នុងឆ្នាំ២០២៣នេះ ករណីបាញ់ប្រហារទ្រង់ទ្រាយធំ ដែលបង្កឱ្យមានមនុស្សស្លាប់ឬរបួសយ៉ាងហោច៤នាក់ ដោយមិនរាប់ខ្មាន់កាំភ្លើង នៅទូទាំងសហរដ្ឋអាមេរិក គឺបានកើនដល់យ៉ាងហោច ៣៨២ករណីហើយ៕