(បាសេឡូណា)៖ អាជ្ញាធរអេស្ប៉ាញ បាននិយាយនៅថ្ងៃសៅរ៍ថា ភ្លើងឆេះព្រៃនៅលើកោះឡា ប៉ាលម៉ា (La Palma) បង្ខំឲ្យមានការជម្លៀសមនុស្ស ៥០០នាក់ដែលជាវិបត្តិធម្មជាតិលើកដំបូងនៅលើកោះនេះ ចាប់តាំងពីការផ្ទុះភ្នំភ្លើងនៅឆ្នាំ ២០២១។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។

ភ្លើងបានចាប់ផ្តើមឆាបឆេះនៅព្រឹកព្រលឹមថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) នៅតំបន់ព្រៃឈើភាគខាងជើងនៃកោះក្នុង កាញ៉ារីស (Canaries) ខណៈដែលទីក្រុងជាច្រើននៅអឺរ៉ុបត្រៀមទប់ទល់នឹងរលកកំដៅខ្លាំងនៅសប្តាហ៍ខាងមុខ។

អាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា ផ្ទះចំនួន ១១ខ្នងត្រូវបំផ្លាញ ខណៈភ្លើងកាន់តែឆេះរាលដាល។ ចំនួន​មនុស្ស​ដែល​ត្រូវ​ជម្លៀស​ចេញអាច​នឹងកើនឡើង​ដល់​ ១,០០០នាក់អាស្រ័យ​កម្លាំង​ខ្យល់​បោកបក់ និងលទ្ធភាពនៃការគ្រប់គ្រងភ្លើងឆេះ។ មកទល់នឹងពេលនេះ ផ្ទៃដីប្រហែល ១៤០ហិកតាត្រូវបានបំផ្លាញ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ ២០២១ អគារជាង ២,០០០ខ្នងត្រូវបានបំផ្លាញ ហើយមនុស្សរាប់ពាន់នាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេ នៅពេលដែលកម្អែហូរចេញពីភ្នំភ្លើង Cumbre Vieja៕