(ប៉េកាំង)៖ មន្ត្រីការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) បានប្រាប់រដ្ឋមន្រ្តីការបរទេសឥណ្ឌាថា ទំនាក់ទំនាក់ទ្វេភាគីចាំបាច់ត្រូវមានស្ថិរភាព ខណៈដែលប្រទេសទាំងពីរកំពុងស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅតាមព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។
បើតាមក្រសួងការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំអាស៊ានក្នុងរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៉ី លោក វ៉ាង បាននិយាយថា ចិន និងឥណ្ឌាត្រូវធ្វើការក្នុងទិសដៅតែមួយដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដែលភាគីទាំងពីរអាចទទួលយកបាន។
លោក វ៉ាង បានគូសបញ្ជាក់ប្រាប់ លោក ស៊ូប្រាហ៍ម៉ានយ៉ាម ចៃសាន់ការ (Subrahmanyam Jaishankar) យ៉ាងដូច្នេះថា «ភាគីទាំងពីរគួរតែគាំទ្រ និងសម្រេចកិច្ចការរួមគ្នា ជាជាងធ្វើឲ្យមានការសង្ស័យគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា ឥណ្ឌា និងចិនមានព្រំដែនជាប់គ្នាប្រវែង ៣៨០០គីឡូម៉ែត្រ ដោយធ្លាប់មានជម្លោះប្រយុទ្ធគ្នាកាលពីឆ្នាំ ១៩៦២។ នៅឆ្នាំ ១៩៩០ ទំនាក់ទំនងនៃប្រទេសទាំងពីរបានប្រសើរឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងព្រំដែនជាបន្តបន្ទាប់ ហើយប្រទេសចិនឥឡូវនេះគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ឥណ្ឌា។
យ៉ាងនេះក្តី នៅឆ្នាំ ២០២០ ទាហានឥណ្ឌា ២០នាក់ និងទាហានចិន ៤នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយដៃអំឡុងពេលប៉ះទង្គិចគ្នានៅតាមព្រំដែន ដោយជំរុញឲ្យយោធាទាំងពីរដាក់ពង្រាយកងទ័ព និងសម្ភារៈយោធាជាច្រើន។ ការចរចាផ្នែកយោធា និងការទូតជាច្រើនជុំបានជួយបន្ធូរបន្ថយភាពតានតឹងរវាងកងទ័ពទាំងពីរ ប៉ុន្តែទីក្រុងញូវដេលី បានពណ៌នាស្ថានភាពនៅតាមព្រំដែនថាមានភាពផុយស្រួយ និងគ្រោះថ្នាក់៕