(សេអ៊ូល)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅកូរ៉េខាងត្បូង បានកើនដល់ ២២នាក់ហើយ ខណៈ១៤នាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើតាម ក្រុមមន្ត្រីកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង ក៏បានទទួលស្គាល់ដែរថាមានមនុស្ស ២២នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀតបានបាត់ខ្លួន នៅក្នុងគ្រោះទឹកជំនន់ ហើយជនរងគ្រោះភាគច្រើន ត្រូវបានកប់នៅក្រោមបំណាក់ដី។ បន្ថែមពីលើនេះ ភាគច្រើននៃអ្នកស្លាប់ និងបាត់ខ្លួន ក្នុងនោះរួមមានអ្នកស្លាប់១៦នាក់ និងបាត់ខ្លួន៩នាក់ ត្រូវបានគេរាយការណ៍នៅក្នុងខេត្ត យ៉ុងសាន ខាងជើង (North Gyeongsang)។

គួរបញ្ជាក់ថា មនុស្សច្រើនជាង ៦,៤០០នាក់ នៅក្នុងតំបន់ ហ្គោសាន់ (Goesan) ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន នៅព្រឹកថ្ងៃសៅរ៍នេះ ដោយសារតែទំនប់ទឹក Goesan មានទឹកហៀរចេញបណ្ដើរៗដែលអាចនឹងបង្កជាទឹកជំនន់ជន់លិចបន្ថែមដល់ភូមិដែលស្ថិតនៅក្បែរទំនប់ទឹកនេះ៕