(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងបញ្ជូនយន្ដហោះចម្បាំងបន្ថែមទៅកាន់តំបន់ជុំវិញច្រកសមុទ្រហ័រមូស (Hormuz) ដើម្បីការពារកប៉ាល់ដឹកទំនិញពីការរឹបអូសពី សំណាក់កងកម្លាំងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។
ទីភ្នាក់ងារសារព័ត៌មាន AP ដោយផ្អែកលើប្រភពពីមន្ត្រីម្នាក់មកពីក្រសួងការពារជាតិអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាទីក្រុងវ៉ាស៊ីនតោន នឹង បញ្ជូនយន្ដហោះចម្បាំង F-16 ទៅកាន់តំបន់ឈូងសមុទ្រពែក្ស នៅចុងសប្ដាហ៍នេះ ដើម្បីគាំទ្រដល់យន្ដហោះប្រយុទ្ធ A-10 ដែលកំពុងធ្វើប្រតិបត្តិការល្បាតស្រាប់នៅក្នុង តំបន់អស់រយៈពេលច្រើនជាងមួយសប្ដាហ៍មកនេះ។ ប៉ុន្តែ មិនបានបញ្ជាក់ថាតើយន្ដហោះចម្បាំង F-16 ចំនួនប៉ុន្មានគ្រឿងដែលនឹងត្រូវបានដាក់ពង្រាយនោះទេ។ មន្ត្រីអាមេរិករូបនេះដដែលបន្ថែមទៀតថាយន្ដហោះចម្បាំង F-16 នឹងផ្ដល់ការការពារពីលើដែនអាកាសសម្រាប់កប៉ាល់ដឹកទំនិញ ដែលធ្វើចរាចរនៅក្នុងដែនទឹកនៃ ច្រកសមុទ្រ Hormuz។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបង្កើនវត្តមានយន្ដហោះចម្បាំង និងនាវាចម្បាំងរបស់ខ្លួនទៅកាន់តំបន់ឈូងសមុទ្រពែក្ស បន្ទាប់ពីមាន សេចក្ដីរាយការណ៍ថាអ៉ីរ៉ង់បានព្យាយាមរឹបអូសកប៉ាល់ដឹកប្រេងចំនួន ២គ្រឿង នៅក្បែរច្រកសមុទ្រ Hormuz កាលពីសប្ដាហ៍មុន៕