(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានរួមគ្នាថ្កោលទោស ការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) មួយគ្រាប់របស់កូរ៉េខាងជើង ដោយចាត់ ទុកថាវាជាការគំរាមកំហែងធ្ងន់ធ្ងរ ជាមួយការសន្យាថានឹងធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៤ ខែកក្កដា សម្ព័ន្ធមិត្តទាំង៣ ក៏បានបញ្ជាក់ដែរថានឹងជំរុញឱ្យមានការរាំងខ្ទប់ប្រភពប្រាក់ចំណូលខុសច្បាប់របស់ កូរ៉េខាងជើង តាមរយៈពលករចំណាកស្រុក និងការវាយប្រហារព័ត៌មានវិទ្យា ដែលពួកគេអះអាងថាត្រូវបានរបបដឹកនាំលោក គីម ជុងអ៊ុន ប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ការអភិវឌ្ឍកម្មវិធីអាវុធ។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើ ត្រូវបានធ្វើឡើង ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សាជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង របស់លោក នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឥណ្ឌូណេស៊ី។ កូរ៉េខាងជើង កាលពីថ្ងៃពុធកន្លងទៅនេះ បានអះអាងពីការធ្វើតេស្ដបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ប្រើឥន្ធនៈរឹងឈ្មោះ Hwasong-18៕