(ស្តុកខម)៖ ប៉ូលីសស៊ុយអែតបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ពួកគេបានផ្តល់ការអនុញ្ញាតសម្រាប់ការធ្វើបាតុកម្មតវ៉ាមួយ ដែលនឹងរួមបញ្ចូលការដុតគម្ពីរ Torah របស់សាសនាយូដា នៅខាងក្រៅស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុង Stockholm ដោយជំរុញឱ្យមានការថ្កោលទោសពីអ៊ីស្រាអែល និងអង្គការជ្វីហ្វ។ នេះបើយោងតាមការចេញផ្សាយដោយ ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

បាតុកម្មតវ៉ាដ៏ចម្រូងចម្រាស ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍សប្តាហ៍នេះ កើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីបុរសម្នាក់បានដុតទំព័រពីគម្ពីរ Qur'an របស់សាសនាអ៊ីស្លាម នៅខាងក្រៅវិហារអ៊ីស្លាមដ៏សំខាន់របស់រដ្ឋធានី Stockholm ដែលជំរុញឱ្យមានកំហឹង និងការថ្កោលទោសយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។

បាតុកម្មនឹងរួមបញ្ចូលការដុតគម្ពីរ Torah និងគម្ពីរ Bible ដើម្បីឆ្លើយតបទៅនឹងការតវ៉ាប្រឆាំងនឹងការដុតគម្ពីរ Qur'an ហើយនឹងជាការបង្ហាញការគាំទ្រដល់សេរីភាព នៃការបញ្ចេញមតិ នេះបើយោងតាមសំណើដែលបានដាក់ជូនប៉ូលីស។

ថ្លែងទៅកាន់ AFP ប៉ូលីសក្រុង Stockholm បានសង្កត់ធ្ងន់ថា ស្របតាមច្បាប់របស់ប្រទេសស៊ុយអែត ពួកគេបានផ្តល់ការអនុញ្ញាតឱ្យមនុស្សសម្រាប់ការជួបជុំជាសាធារណៈ តែមិនមែនសម្រាប់សកម្មភាព ក្នុងអំឡុងពេលដែលពួកគេជួបជុំនោះទេ។

លោកស្រី Karina Skägerlind មន្រ្តីសារព័ត៌មាននៃប៉ូលីស Stockholm បាននិយាយថា «ប៉ូលីសមិនចេញលិខិតអនុញ្ញាត សម្រាប់ការដុតអត្ថបទសាសនាផ្សេងៗទេ ដោយគូសបញ្ជាក់ថា ប៉ូលីសចេញអនុញ្ញាតឱ្យមានការប្រមូលផ្តុំជាសាធារណៈ និងការបញ្ចេញមតិតែប៉ុណ្ណោះ»៕