(វ៉ាស៊ីនតោន)៖ ការវាយប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់ បានឈានចូលដល់ខែទី៣ ហើយក៏មិនទាន់មានសញ្ញាបង្ហាញថានឹងមានភាពធូរស្រាលនោះដែរ។ ជម្លោះសព្វថ្ងៃ គឺជាសង្រ្គាមដណ្ដើមអំណាចរវាងទាហានស៊ូដង់របស់ឧត្ដមសេនីយ៍ អាប់ឌែល ហ្វាតាស់ អាល់បួរហាន់ (Abdel Fattah al-Burhan) និងទាហានប៉ារ៉ា RSF ក្រោមការដឹកនាំ របស់ឧត្ដមសេនីយ៍ មហាំម៉ាត់ ហាំដាន់ ដាហ្កាឡូ (Mohamed Hamdan Dagalo) ឬគេស្គាល់ជាទូទៅថា ហេមេទី (Hemeti)។
សង្រ្គាមនៅក្នុងប្រទេសស៊ូដង់ ដែលផ្ទុះឡើងតាំងតែថ្ងៃទី១៥ ខែមេសា (ឆ្នាំ២០២៣) កន្លងទៅមក បានបង្កជាវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយបានបណ្ដាលឱ្យមនុស្សជាង ៣,០០០នាក់បានស្លាប់ និងជាង ២.១លាននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង។ ក៏ប៉ុន្តែ ជម្លោះនៅស៊ូដង់មិនមែនត្រឹមតែជាវិបត្តិនៅក្នុងស្រុកប៉ុណ្ណោះទេ។ ស៊ូដង់ត្រូវ បានគេចាត់ទុកថាប្រៀបដូចជាស្ពានតភ្ជាប់តំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្រ្វិក ហើយធនធានធម្មជាតិដ៏សម្បូរបែបរបស់ស៊ុដង់ទៀតសោត វាមានន័យថាសមរភូមិប្រយុទ្ធគ្នា ដណ្ដើមគ្រប់គ្រងរដ្ឋធានីខាទុំ គឺមានពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ទាំងមូលតែម្ដង។ ប្រទេសអារ៉ាប់គីឡធ្ងន់ទាំង២ គឺអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក៏កំពុងមើលឃើញពីឱកាសពង្រឹង «អនុត្តរភាព» រៀងៗខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយខណៈអារ៉ាប៊ីសាអូឌីតគាំទ្រឧត្តមសេនីយ៍ បួរហាន់ អេមីរ៉ាត់អារ៉ាប់រួមគាំទ្រ ឧត្តមសេនីយ៍ ហេមេទី។
ស្ថានភាពភាពនៅក្នុងប្រទេសស៊ូដង់សព្វថ្ងៃ មានលក្ខណៈស្រដៀងគ្នាទៅនឹងលីប៊ីដែរ ជាទីដែលភាគីជម្លោះជាច្រើនមានទាំងនយោបាយ និងយោធា កំពុងប្រយុទ្ធដណ្ដើម អំណាចគ្នា រហូតដល់ទាក់ទាញមហាអំណាចធំៗពីខាងក្រៅឱ្យលូកដៃចូលក្នុងជម្លោះ ដើម្បីកេងប្រយោជន៍។ នៅក្នុងសេណារីយ៉ូដូចគ្នាបែបនេះដែលជាធម្មតាគេហៅថា «សង្រ្គាមប្រូកស៊ី» ទាហានប៉ារ៉ា RSF បានក្លាយជាបន្លារនៅក្នុងកែវភ្នែករបស់ឧត្តមសេនីយ៍បួរហាន់ និងអ្នកដែលគាំទ្ររូបលោក ក៏ដូចជានឹងផ្ដល់អនុភាពសម្រាប់អនាគត របស់អេមីរ៉ាតអារ៉ាប់រួម និងជួយពង្រឹងអំណាចអាប៊ូ ដាប៊ី ឱ្យក្លាយទៅជាមហាអំណាចលេចមុខថ្មីនៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ ដូច្នេះដើម្បីសាកល្បងយល់ថាតើស៊ូដង់ កំពុងក្លាយជាទីលាននៃសង្រ្គាមប្រូកស៊ីរវាងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ដោយរបៀបណា? យើងត្រូវដឹងពីដំណើរដើមចមរបស់វាជាមុនសិន៖
អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមសុទ្ធសឹងតែជាសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការនៃប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស ហៅកាត់ថា GCC។ ប្រទេសជាសមាជិក GCC គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនឹងគ្នា ហើយប្រទេសទាំង២នេះក៏តែងតែផ្ដោតជាអាទិភាពលើភាពជាដៃគូ ជាជាងការប្រកួតប្រជែងគ្នា។ តែទោះជាបងប្អូននឹងគ្នាក៏ដោយ រឿង ផលប្រយោជន៍ត្រូវតែបែងចែកឱ្យច្បាស់។ ក្នុងពេលបច្ចុប្បន្ន ខណៈទីក្រុងរីយ៉ាដ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយអ៉ីរ៉ង់ ហើយកំពុងសម្រុះសម្រួលផ្សាផ្សារជាមួយ ស៊ីរី និងលីបង់ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានផ្ដើមប្រកួតប្រជែងជាមួយអេមីរ៉ាតអារ៉ាប់រួម ហើយមូលហេតុធំនោះគឺដោយសារតែការប្រែប្រួលភូមិសាស្ត្រ នយោបាយបង្កឡើងដោយកត្តាសេដ្ឋកិច្ច។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនចេញពីការ ពឹងផ្អែកខ្លាំងពេកលើប្រេង និងបង្កើនតួនាទីនៅក្នុងតំបន់ រួមទាំងនៅលើឆាកអន្តរជាតិទាំងនៅក្នុងវិស័យអាកាសចរណ៍ កីឡា ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដទៃទៀត។
ទីក្រុងរីយ៉ាដ នៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានធ្វើកំណែទម្រង់អត្តសញ្ញាណរបស់អារ៉ាប៊ីសាអូឌីតដែលកំណត់ដោយសាសនាអ៉ីស្លាម ទៅ ជាគំនិតជាតិនិយម ស្របពេលទីក្រុងអាប៊ូ ដាប៊ី របស់ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន ហ្សៃយ៉ីត (Mohammed bin Zayed) បានដាក់ចេញនូវគោលនយោបាយវប្បធម៌មួយ ដែលលើកកម្ពស់ការធ្វើពិពិធកម្មខាងសាសនា។ ទីក្រុង រីយ៉ាដ និងទីក្រុងអាប៊ូ ដាប៊ី ផ្ដើមតឹងសសៃកដាក់ក្នុងឆ្នាំ២០០៩ នៅពេលដែលប្រទេសទាំង២ មានការខ្វែងគំនិតគ្នា ជុំវិញទីតាំងទីស្នាក់ការកណ្ដាលរបស់ធនាគារកណ្ដាលមួយរបស់ GCC ដែលមានគោលដៅជំរុញការរួបរួមសេដ្ឋកិច្ច និងរូបិយបណ្ឌរួមនៃបណ្ដាប្រទេសជាសមាជិក GCC។
GCC បានសម្រេចចិត្តដាក់ទីស្នាក់ការកណ្ដាលនៃធនាគារនេះមានមូលដ្ឋាននៅអេមីរ៉ាតអារ៉ាប់រួម ហើយនៅពេលនោះដែរ អារ៉ាប៊ីសាអូឌីតស្រាប់តែដកខ្លួនចេញពីគម្រោងនេះ ដោយមិនបានពន្យល់ពីមូលហេតុអ្វីនោះទេ ជាហេតុធ្វើឱ្យធនាគារកណ្ដាល និងរូបិយបណ្ណរួមដែលមិនទាន់ចាប់កំណើតផងត្រូវរលូតទៅវិញ។ ចាប់តាំងពីនោះមកដែរ ភាពតានតឹងរវាងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមបានលេចចេញជារូបរាងឡើង ដោយមានពេលខ្លះប្រទេសទាំង២ដំឡើងសាច់ដុំដាក់គ្នាតាមរយៈ «សង្រ្គាមប្រូកស៊ី» ទៀតផង។ អេមីរ៉ាត់អារ៉ាប់រួមធ្លាប់ជាដៃគូនៅក្នុងក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមហ៊ូទីមានអ៉ីរ៉ងជាខ្នងបង្អែកនៅក្នុង ប្រទេសយេម៉ែន។ ប៉ុន្តែ តាមពិតទៅ ចាប់តាំងពីសង្រ្គាមនៅយេម៉ែនផ្ទុះឡើងក្នុងឆ្នាំ២០១៥ កម្មវត្ថុរបស់ទីក្រុងរីយ៉ាដ និងទីក្រុងអាប៊ូ ដាប៊ី បានផ្ដាច់ចេញពីគ្នាបន្តិចម្ដងៗ រហូតដល់ក្លាយទៅជាការគាំទ្រភាគីជម្លោះរៀងៗខ្លួន។ អារ៉ាប៊ីសាអូឌីតគាំទ្ររដ្ឋាភិបាលយេម៉ែន ដែលទទួលបានគាំទ្រពីអន្តរជាតិ របស់ប្រធានាធិបតី លោក អាប៊ីត រ៉ាប់បូ ម៉ាន់សូត ហាឌី (Abed Rabbo Mansour Hadi) រីឯអេមីរ៉ាតអារ៉ាប់រួម បានផ្ដល់ការគាំទ្រដល់ក្រុមប្រឹក្សាបណ្ដោះអាសន្នភាគខាងត្បូងរបស់យេម៉ែន។ ការគាំទ្រនេះផ្ដល់ សិទ្ធិឱ្យអេមីរ៉ាត់អារ៉ាប់រួមអាចគ្រប់គ្រងលើកំពង់ផែ និងកោះមួយចំនួនរបស់យេម៉ែន ហើយថែមទាំងអាចចូលទៅកាន់ច្រកសមុទ្រ បាប់ អាល់ ម៉ាន់ឌិប (Bab el-Mandeb) និងតំបន់ស្នែងអាហ្រ្វិកផងដែរ។
ក្នុងឆ្នាំ២០១៩ ជម្លោះដ៏សាហាវមួយបានផ្ទុះឡើងរវាងក្រុមប្រឹក្សាបណ្ដោះអាសន្នភាគខាងត្បូង (Southern Transitional Council) និងកងកម្លាំងរបស់លោក Hadi ដើម្បី ដណ្ដើមកាន់កាប់ទីក្រុងកំពង់ផែ អេដិន (Aden)។ តែការប្រជែងគ្នារវាងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមក្នុងប្រទេសយេម៉ែន មិនមែនកំណត់ត្រឹមកំពង់ផែប៉ុណ្ណោះទេ។ របាយការណ៍ចេញផ្សាយដោយសារព័ត៌មាន Al Jazeera ក្នុងឆ្នាំ២០១៨ បានបង្ហាញថាទីក្រុងរីយ៉ាដ មានគម្រោងសង់បំពង់បង្ហូរប្រេងដើម្បីដឹកជញ្ជូនប្រេងពីអារ៉ាប៊ីសាអូឌីត ឆ្ពោះទៅកាន់ទីក្រុងកំពង់ផែសមុទ្រយេម៉ែន នីសទូន (Nishtun) ជាប់ជាមួយសមុទ្រអូម៉ង់ ហើយដែលគម្រោងនេះត្រូវបានអារ៉ាប៊ីសាអូឌីត គ្រោងឡើងសំដៅកាត់បន្ថយ ហានិភ័យ និងការខូចខាតទាំងឡាយដែលអាចកើតឡើង ក្នុងករណីអ៉ីរ៉ង់បិទខ្ទប់ច្រកសមុទ្រ ហ័រមូស (Hormuz)។ គម្រោងនេះអាចនឹងបំផ្លាញដល់ទីតាំងសំខាន់ៗ របស់ អេមីរ៉ាតអារ៉ាប់រួមនៅក្នុងការដឹកជញ្ជូនប្រេង និងឧស្ម័ន តែអាចនឹងផ្ដល់អំណាចបន្ថែមដល់អារ៉ាប៊ីសាអូឌីតនៅក្នុងអង្គការក្រុមប្រទេសផលិតប្រេង OPEC។
ក្រៅតែពីតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាមេរិកក៏បានក្លាយទៅជាទីលានប្រកួតប្រជែងរវាងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមផងដែរ។ ទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត ចាប់ផ្ដើមស្គាល់ភាពតានតឹង នៅក្រោយពេលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ប្រាប់សភាទាំង២របស់សហរដ្ឋអាមេរិកពីការសន្និដ្ឋានរបស់ខ្លួនថាព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អតីតអ្នកកាសែត លោក ចាម៉ាល់ ខាសូកជី (Jamal Khashoggi) ក្នុងស្ថានកុងស៊ូល អារ៉ាប៊ីសាអូឌីតក្នុងទីក្រុងអ៉ីស្ដង់ប៊ូល នៃប្រទេស តួកគី កាលពីឆ្នាំ២០១៨។ ទីក្រុងរីយ៉ាដបានច្រានចោលការចោទប្រកាន់នេះ។ ភាពតានតឹងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត វាបានផ្ដល់ឱកាសមាសឱ្យអេមីរ៉ាតអារ៉ាប់រួម ជំនួស កន្លែងអារ៉ាប៊ីសាអូឌីត ក្នុងនាមជាសម្ព័ន្ធមិត្តយោធាដែលទីក្រុងវ៉ាស៊ីនតោនស្រឡាញ់ជាងគេនៅក្នុងចំណោមប្រទេសដែលជាសមាជិក GCC។ ការចាប់យកឱកាសនេះត្រូវបាន បង្ហាញកាន់តែច្បាស់ នៅក្រោយពេលអេមីរ៉ាតអារ៉ាប់រួមចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពកាលពីឆ្នាំ២០២០ ជាមួយអ៉ីស្រាអែល មានឈ្មោះ Abraham ក្រោមការសម្របសម្រួលពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យទីក្រុងរីយ៉ាដ ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែលដែរ តែមិនទាន់មានភាពរីកចម្រើនអ្វីឡើយ។ ម្យ៉ាងវិញទៀត ក្នុងពេលដែលអាមេរិកផ្អាកការលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត ជុំវិញសង្រ្គាម នៅយេម៉ែន អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តយល់ព្រមលក់យន្ដហោះចម្បាំង F35 ឱ្យអេមីរ៉ាតអារ៉ាប់រួម ហើយរដ្ឋបាលលោក ចូ បៃដិន បានសម្រេចចិត្តផ្អាក គម្រោងនេះសិន តែបើវាក្លាយជាការពិត នោះអេមីរ៉ាតអារ៉ាប់រួមនឹងក្លាយជាប្រទេសអារ៉ាប់ដំបូងគេបំផុតដែលមានយន្ដហោះចម្បាំងអាមេរិក F35 យកទៅប្រើ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម កាន់តែពង្រីកការប្រកួតប្រជែងគ្នាទៅកាន់តំបន់អាហ្វ្រិក និងជាពិសេសគឺក្នុងប្រទេសស៊ូដង់ ដែល កំពុងជាប់ផុងក្នុងសង្រ្គាម។ ភ្លាមៗក្រោយមានរដ្ឋប្រហារទម្លាក់អតីតប្រធានាធិបតីស៊ូដង់ លោក អូម៉ា អាល់បាសៀរ (Omar al-Bashir) កាលពីឆ្នាំ២០១៩ ទីក្រុង អាប៊ូដាប៊ី និងទីក្រុងរីយ៉ាដ បានផ្ដល់ជំនួយដល់ក្រុមប្រឹក្សាយោធាបណ្ដោះអាសន្ន (Transitional Military Council) ដឹកនាំដោយរបបយោធាស៊ូដង់ ក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារ ហើយក្នុងពេលជាមួយគ្នានោះដែរ ពីដំបូងឡើយ ផលប្រយោជន៍របស់អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម មើលពីខាងក្រៅគឺផ្សារភ្ជាប់គ្នាដោយប្រទេសទាំង២នេះ បានដើរតួនាទីនៅក្នុងការត្រួសត្រាយផ្លូវឱ្យមានការបង្កើតរដ្ឋាភិបាលអន្តរកាលប្រជាធិបតេយ្យមួយរយៈពេលខ្លី។ មិនតែប៉ុណ្ណោះប្រទេសទាំង២នេះ ក៏បានទាញយកផលពី សម្បាទានផ្ដល់ដោយទីក្រុងខាទុំ នោះគឺស៊ូដង់បានផ្ដល់ការគាំទ្រដល់អារ៉ាប៊ីសាអូឌីតនៅយេម៉ែន ហើយអេមីរ៉ាតអារ៉ាប់រួមបានក្លាយជាអ្នកសម្របសម្រួលឱ្យទីក្រុងខាទុំ ចូលរួម ក្នុងកិច្ចព្រមព្រៀង Abraham Accords។
អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក៏បានបោះទុនវិនិយោគយូរអង្វែងនៅក្នុងសេដ្ឋកិច្ចស៊ូដង់ផងដែរ។ តួយ៉ាងក្នុងឆ្នាំ២០១៨ អាប៊ូ ដាប៊ី បានបោះទុនវិនិយោគ ៧.៦ពាន់លានដុល្លារ នៅក្នុងប្រទេសស៊ូដង់ ហើយបន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់លោក អាល់បាសៀរ បានសន្យាវិនិយោគបន្ថែម ៦ពាន់លានដុល្លារទៀត ក្នុងនោះរួមមាន បញ្ចូលទាំងគម្រោងកសិកម្ម និងកំពង់ផែមួយនៅសមុទ្រខ្មៅ។ ដោយឡែក នៅខែតុលា ឆ្នាំ២០១២ អារ៉ាប៊ីសាអូឌីតបានប្រកាសថាខ្លួននឹងវិនិយោគទឹកប្រាក់ ២៤ពាន់លានដុល្លារ ក្នុងវិស័យសេដ្ឋកិច្ចរបស់ស៊ូដង់ រួមមានកសិកម្ម រ៉ែ និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនាមជាមហាអំណាចលេចមុខថ្មីក្នុងតំបន់មជ្ឈិមបូព៌ា ទីក្រុងរីយ៉ាដ និងអាប៊ូដាប៊ី សុទ្ធតែកំពុង សម្លឹងមើលឱកាសទាញប្រយោជន៍ពីធនធានធម្មជាតិ ថាមពល និងច្រកផ្លូវដឹកជញ្ជូន តាមរយៈការជ្រើសរើសគាំទ្រភាគីជម្លោះនៅស៊ូដង់រៀងៗខ្លួន។ អេមីរ៉ាតអារ៉ាប់រួម ទទួលបានការគំាទ្រពីឧត្តមសេនីយ៍ ហេមេទី គឺដោយសារតែក្រុមអ្នកប្រយុទ្ធ RSF បាន និងកំពុងធ្វើសកម្មភាពក្នុងប្រទេសយេម៉ែនចាប់តាំងពីឆ្នាំ២០១៥មក ហើយក្នុង ឆ្នាំ២០១៩ ទាហានប៉ារ៉ានេះបានពង្រីកសកម្មភាពដល់ប្រទេសលីប៊ី ដើម្បីគាំទ្ររដ្ឋាភិបាលភាគខាងកើតរបស់ឧត្ដមសេនីយ៍ ខលីហា្វ ហាហ្វតា (Khalifa Haftar) គាំទ្រដោយ អេមីរ៉ាតអារ៉ាប់រួម។
ខណៈអារ៉ាប៊ីសាអូឌីតបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអេហ្ស៉ីប ក្នុងការគាំទ្រលោកឧត្ដមសេនីយ៍ បួរហាន់ អេមីរ៉ាតអារ៉ាប់រួម បានសហការជាមួយរុស្ស៉ី ដើម្បីគាំទ្រទាហានប៉ារ៉ា RSF តាមរយៈក្រុមទាហានស៊ីឈ្នួល Wagner។ Wagner បានធ្វើសកម្មភាពក្នុងប្រទេសស៊ូដង់ចាប់តាំងពីឆ្នាំ២០១៧ ជាពេលដែលក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ីមួយនេះ ទទួលបានកិច្ចសន្យាពីក្រសួងថាមពលស៊ូដង់ សម្រាប់គម្រោងជាច្រើនក្នុងតំបន់ដាហ្វួរ (Darfur) ជាទីដែលទាហាន RSF ធ្វើសកម្មភាពយ៉ាងសកម្ម។ រហូតដល់ឆ្នាំ២០១៩ ក្រុមទាហាន Wagner បានធ្វើសកម្មភាពនៅក្នុងប្រទេសលីប៊ី ដើម្បីគាំទ្រលោក Haftar។ មកទល់នឹងពេលនេះ អេមីរ៉ាតអារ៉ាប់រួមនៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះសម្ព័ន្ធភាព របស់ខ្លួនជាមួយទាហាន RSF ប៉ុន្តែរបាយការណ៍ជាច្រើនបានឱ្យដឹងថាឧត្ដមសេនីយ៍ ហេមេទី បាននិងកំពុងធ្វើសកម្មភាពក្នុងនាមជា «អ្នកកាងការពារ» ផលប្រយោជន៍របស់ អេមីរ៉ាតអារ៉ាប់រួមនៅក្នុងប្រទេសស៊ូដង់ ការពារតំបន់រ៉ែមាសគ្រប់គ្រងដោយ Wagner ហើយដែលមាសក្នុងតំបន់រ៉ែទាំងនេះត្រូវបានដឹកបញ្ជូនទៅកាន់អេមីរ៉ាតអារ៉ាប់រួម សម្រាប់ បញ្ជូនបន្តទៅរុស្ស៉ី។ ទំនាក់ទំនងត្រីកោណនេះពោលគឺរវាងរុស្ស៉ី អេមីរ៉ាតអារ៉ាប់រួម និងទាហាន RSF តាមរយៈក្រុមទាហាន Wagner បានផ្ដល់ឱ្យរុស្ស៉ីនូវមធ្យោបាយ ទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិច (ពាក់ព័ន្ធនឹងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន)។
គួរបញ្ជាក់ថា ក្នុងពេលដែលអេមីរ៉ាតអារ៉ាប់រួម កំពុងតស៊ូដើម្បីមាស អារ៉ាប៊ីសាអូឌីតវិញ បានព្យាយាមធ្វើជាអ្នកសម្របសម្រួលស្វែងរកសន្តិភាព និងផ្នែកមនុស្សធម៌ ព្រមទាំង រៀបចំកិច្ចចរចាស្ដីពីបទឈប់បាញ់ ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក។ សង្គ្រាមនៅស៊ូដង់ គឺជាឱកាសសម្រាប់ទាំងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។ ដូច្នេះសម្រាប់ទីក្រុងរីយ៉ាដ ជ័យជម្នះនៃទាហានស៊ូដង់របស់ឧត្តមសេនីយ៍ អាល់បួរហាន់ នឹងជួយពង្រឹងតួនាទីរបស់អារ៉ាប៊ីសាអូឌីត ក្នុងនាមជាមេដឹកនាំអារ៉ាប់ និងពិភពអ៉ីស្លាម។ ចំណែក សម្រាប់អេមីរ៉ាតអារ៉ាប់រួម ជ័យជម្នះរបស់ទាហានប៉ារ៉ា RSF នឹងជួយលើកកម្ពស់ឥទ្ធិពលរបស់ខ្លួន ដែលនឹងបន្សាប ឥទ្ធិពលអារ៉ាប៊ីសាអូឌីតក្នុងតំបន់មជ្ឈិមបូព៌ា ដែលនេះនឹងក្លាយជាជ័យជម្នះមួយសម្រាប់អាប៊ូដាប៊ី៕