(ម៉ូស្គូ)៖ សភាតំណាងរាស្រ្តរុស្ស៉ី នៅថ្ងៃសុក្រ (ទី ១៤ ខែកក្កដា) នេះ បានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ ចំពោះច្បាប់ថ្មីដែលនឹងធ្វើឱ្យការវះកាត់ប្តូរភេទគឺជារឿងខុសច្បាប់ ដោយពង្រឹងទំនោរអភិរក្សនិយម ដែលប្រឆាំងលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
សភាតំណាងរាស្រ្តបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សភាឌូម៉ាបានហាមឃាត់ការប្តូរភេទនៅក្នុងប្រទេសរុស្ស៊ី» ដោយបន្ថែមថាសមាជិកសភាទាំងអស់បានបោះឆ្នោតដើម្បីណែនាំច្បាប់ថ្មី «ជាឯកច្ឆ័ន្ទ»។
ប្រធានសភាឌូម៉ា លោក Vyacheslav Volodin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូច្នេះថា «សេចក្តីសម្រេចនេះនឹងការពារប្រជាពលរដ្ឋយើង និងកូនៗរបស់យើង»។
លោកបានចង្អុលទៅនិន្នាការកើនឡើង នៃការវះកាត់ប្តូរភេទនៅក្នុងសហរដ្ឋអាមេរិក ដែលលោកបានអះអាងថាកំពុងនាំទៅរក «ការចុះខ្សោយ» របស់ប្រទេស។ លោកបានបន្ថែមថា «នេះគឺជាការមិនអាចទទួលយកបានសម្រាប់ពួកយើង»។
គួរបញ្ជាក់ថា ច្បាប់ថ្មីនេះហាមឃាត់ការវះកាត់ប្តូរភេទ (លើកលែងតែកុមារដែលមានលក្ខខណ្ឌពីកំណើត) និងហាមប្រាមមនុស្សពីការផ្លាស់ប្តូរភេទរបស់ពួកគេលើឯកសារដែលចេញដោយរដ្ឋាភិបាល៕